ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការវិនិយោគលើផ្លូវ៥១ កំពុងតែទទួលបានការទាក់ទាញខ្លាំង ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងលំនៅឋាន ហើយបន្ទាប់ពីផ្លូវនេះផ្លូវ៤១ក៏កំពុងទទួលបានការចាប់អារម្មណ៍បណ្ដើរៗផងដែរបន្ទាប់ពីផ្លូវ៥១។
លោកឧកញ៉ា យ៉ន សេងហានអគ្គនាយកក្រុមហ៊ុនសេង ហាន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេទំព័រProperty Area Asiaឱ្យដឹងនាព្រឹកថ្ងៃទី១០ កញ្ញានេះថា បច្ចុប្បន្ននេះសក្ដានុពល នៃការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺ ជាពិសេសនៅផ្លូវ៥១និងផ្លូវ៤១ កំពុងតែមានការរីកលូតលាស់ និងទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ។
លោកបន្តថា “តំបន់ផ្លូវ៤១ជាតំបន់ខ្ពង់រាប អត់លិចទឹក ដែលជាសក្ដានុពលសក្ដានុពលមួយ សម្រាប់ទាក់ទាញហើយមួយទៀតនោះ ផ្លូវនេះក៏ជាចរន្តផ្លូវមួយតភ្ជាប់ពីផ្លូវ៥១ ដែលអាចធ្វើដំណើរទៅកាន់ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យនិងទៅព្រំដែនកម្ពុជាថៃផងដែរ”។
លោកឧកញ៉ាយ៉ន សេងហានបានបន្តថា ផ្លូវ៥១និង៤១ពេលនេះ សំបូរទៅដោយរោងចក្រ សហគ្រាសជាច្រើនកំពុងសាងសង់ និងកំពុងដំណើរការបណ្ដើរៗ និងជាតំបន់ទេសចរណ៍ សម្រាប់អ្នកទេសចរទៅទស្សនា និងសម្រាកកម្សាន្តផងដែរ ។ លោកមើលឃើញថា នៅជុំវិញរាជធានីភ្នំពេញនេះ មានតែតំបន់ទាំងពីរនេះទេ ដែលមានការទាក់ទាញសម្រាប់វិស័យឧស្សាហកម្ម ។
ជាមួយគ្នានេះ លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលនឹងមានការទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ពីព្រោះវាមានផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ ដូចជា៤១និង៥១ និងជាតំបន់ដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់តំបន់ច្រកព្រំដែនកម្ពុជាថៃផងដែរ ។
លោកបន្តថា ចង់វិនិយោគ លើដីធ្លីដែលចំណេញ ត្រូវរកតំបន់ណាដែលនៅឆ្ងាយពីក្រុងបន្តិច ហើយតំបន់នៃខេត្តកំពង់ស្ពឺនេះ នឹងធ្វើឱ្យវិនិយោគិនទទួលបានប្រាក់ចំណេញនៅពេលអនាគតមកវិញ ជាជាងការវិនិយោគដីធ្លីនៅតំបន់ជិតឬក្បែរៗរាជធានីភ្នំពេញ ។
ផ្លូវ៤១ក៏ជាស្ថិតនៅក្នុងចំណោម គម្រោងរបស់រដ្ឋាភិបាល ដែលត្រូវជួសជុលនិងកែលម្អឡើងវិញផងដែរ ដើម្បីតភ្ជាប់ផ្លូវជាតិសំខាន់ពីរ គឺផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ហើយតាមបណ្ដោយផ្លូវនេះ ក៏ឃើញមានការអភិវឌ្ឍដីធ្លីកាន់តែមមាញឹក ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍ដីឡូត៏ លំហែកាយរបស់វិនិយោគិនក្នុងស្រុក៕