សុខុម
សៀងហៃ: ប្រភពបានទម្លាយថា គម្រោងវិនិយោគរបស់មហាយក្សចិន លើការស្ថាបនាផ្លូវដែកក្នុងតំបន់ដីសណ្តទន្លេយ៉ាងចឺ (Yangtze River Delta) នៅឆ្នាំ២០២១ នេះអាចនឹងមានទំហំលើស៧៥ពាន់លានយ័ន (១១,៦៤ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៣ កញ្ញា នេះ។
សារព័ត៌មាននេះបានចុះផ្សាយដោយដកស្រង់ប្រភពចេញពីក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន China Railway Shanghai Group Co Ltd ថា គម្រោងវិនិយោគខ្នាតយក្សដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងសៀងហៃ ផងដែរនេះនឹងឈានដល់១ទ្រីលានយ័ន (១៥៥ពាន់លានដុល្លារអាមេរិក) នៅក្នុងផែនការរយៈពេល៥ឆ្នាំលើកទី១៤ រហូតដល់ឆ្នាំ២០២៥។
ការវិនិយោគនេះនឹងបង្កើនបណ្តាញផ្លូវដែកក្នុងតំបន់ដីសណ្តទន្លេយ៉ាងចឺ ដល់ប្រវែង១៧.០០០គីឡូម៉ែត្រ ដោយកើនឡើងប្រវែង៤.២០០គីឡូម៉ែត្របើធៀបនឹងដំណាច់ផែនការរយៈពេល៥ឆ្នាំលើកទី១៣។
យោងតាមសារព័ត៌មានដដែលឱ្យដឹងថា បណ្ដាញផ្លូវដែកល្បឿនលឿនក្នុងតំបន់នេះត្រូវបានរំពឹងថានឹងកើនឡើងដល់ប្រវែង៩.៥០០គីឡូម៉ែត្រ ដោយកើនឡើងប្រវែងប្រមាណ៣.៥០០គីឡូម៉ែត្រ។
សារព័ត៌មាននេះបានបញ្ជាក់ទៀតថា បណ្តាញដឹកជញ្ជូនផ្លូវដែកសរុបក្នុងតំបន់នេះរួមទាំងរថភ្លើងល្បឿនលឿនក្នុងទីក្រុងផង នឹងកើនឡើងប្រវែងជាង៨.០០០គីឡូម៉ែត្ររហូតដល់ប្រវែងជាង២២.០០០គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០២៥៕