ដោយៈវឌ្ឍនៈ
មណ្ឌលគិរីៈ រដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគីរី សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ និងជំរុញឱ្យខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេសនិងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ និងរំពឹងថាភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគីរីនៅឆ្នាំ២០៣៥ចំនួន៩០ម៉ឺននាក់ បង្កើតការងារជាង៨ម៉ឺនកន្លែង និងចំណូលប្រមាណ៥០០លានដុល្លារអាមេរិក។
ដើម្បីត្រៀមឱ្យដល់គោលដៅនេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលដល់ធនធានទេសចរណ៍ ជាបន្តបន្ទាប់សម្រាប់ខេត្តមណ្ឌលគីរី ដូចជាផ្នែកគេហកិច្ច សណ្ឋាគារ និងជំនាញ ទេសចរណ៍ផ្សេងទៀត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ដល់ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។ ជាក់ស្ដែងនៅដើមសប្ដាហ៍នេះ ក្រសួងទេសរណ៍បានបណ្ដុះបណ្ដាលជំនាញ ដល់គ្រូបង្គោលចំនួន២០០នាក់ និងអ្នកជំនាញទេសចរណ៍នៅភូមិភាគចំនួន១៧០០នាក់ នឹងចូលរួមបង្កើនមូលធនមនុស្សជាគ្រូបណ្ដុះបណ្ដាលសម្រាប់ខេត្តតំបន់ឦសាន សំដៅចូលរួមធ្វើការបណ្ដុះបណ្ដាលបន្តដល់យុវជន និងបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មទេសចរណ៍។
លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដល់ធនធានវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដើម្បីពង្រឹងគុណភាព សេវាកម្ម លើកកម្ពស់ជំនាញ បុគ្គលិកម្នាក់ ជំនាញមួយ និងគាំទ្រដល់ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី២០២១-២០៣៥ ដែលមានចក្ខុវិស័យ ជំរុញការអភិវឌ្ឍខេត្តមណ្ឌលគីរីជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ។
នៅក្នុងវិស័យអចលនទ្រព្យ អ្នកវិនិយោគជាច្រើនក៏បាន និងកំពុងសម្លឹងមើលការវិនិយោគរបស់ខ្លួន ក្នុងខេត្តមណ្ឌលគីរីផងដែរ ជាពិសេសលើការអភិវឌ្ឍផ្ទះលំហែកាយសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា មណ្ឌលគីរីនឹងក្លាយជាខេត្តគោលដៅអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយដ៏មានសក្ដានុពលនៅពេលខាងមុខនេះ ខណៈរដ្ឋាភិបាលក៏បានកំណត់យកខេត្តនេះជាមុំទាំង៤នៃការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយខេត្ត៣ផ្សេងទៀតរួមមានកំពត ក្រុងព្រះសីហនុនិងខេត្តសៀមរាប៕