ដោយៈសុជាតា
ភ្នំពេញៈ ជាមួយកំណើនសេដ្ឋកិច្ចដ៏លឿនរហ័ស ជាងពីរទសវត្សចុងក្រោយនេះ ធ្វើអោយមុខមាត់ទីក្រុងភ្នំពេញ បានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ដោយសំណង់អគារពាណិជ្ជកម្មធំៗ កំពុងប្រែក្លាយទៅជាទីក្រុង ប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភពលោក។
បើទោះបីជាវិបត្តិCovid19 បានធ្វើអោយប៉ះពាល់ដល់ការដ្ឋាន សំណង់នានាក៏ដោយ ប៉ុន្តែអ្នកជំនាញខាងអចលនទ្រព្យ នៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគបន្ថែមទៀតលើអាគារពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០២២ ទៅ ២០២៣ខាងមុខ។
លោកខេន ឡូប្រធានប្រតិបត្តិក្រុមហ៊ុន Coldwell Banker បានប្រាប់Property Area Asia នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ថា អាគារពាណិជ្ជកម្មផ្នែក office space បានកើនឡើងគួរកត់សំគាល់ នេះបើប្រៀបធៀបនឹងដើមឆ្នាំនេះ ដោយសារតែតំរូវការក្នុងចំណោមអតិថិជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ ចំពោះតម្លៃមិនមានការថមថយខ្លាំងនោះទេ ដោយអាគារពាណិជ្ជកម្ម Grand A គឺមានតម្លៃចន្លោះ៣០ ទៅ៤៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំពោះអាគារពាណិជ្ជកម្មGrand B គឺមានចន្លោះពី១៥ ដុល្លារទៅ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងអាគារពាណីជ្ជកម្មមានចន្លោះពី១០ ដុល្លារទៅ១៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោកបន្ថែមទៀតថា តម្លៃអាគារពាណិជ្ជកម្ម ស្ថិតនៅតំបន់សក្តានុពល ដែលមានដូចជា ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌទួលគោកផងដែរ។ លោកព្យាករណ៍ ការផ្តត់ផ្គង់អាគារពាណិជ្ជកម្ម រំពឹងទុកកើនឡើងបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ប្រជុំអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលដែលគម្រោងធំៗដូចជា សាងសង់ព្រលានយន្តហោះភ្នំពេញថ្មី និង ផ្លូវល្បឿនលឿនផង បានបញ្ចប់តាមពេលវេលាកំណត់ ដែលធ្វើអោយកម្ពុជា ក្លាយទៅជាតំបន់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចំពោះអាគារពាណិជ្ជកម្មផងដែរ។
ជាមួយគ្នានេះ អ្នកនាងអាន សុធីតា អ្នកជំនាញខាងវាយតម្លៃអចលនទ្រព្យបានថ្លែងបញ្ជាក់បន្ថែមទៀតថា យើងបែងចែកអាគារពានិជ្ជកម្មជាពីរប្រភេទ គឺផ្នែកលក់រាយ និង ផ្នែកអាគារការិយាល័យ។ នៅក្នុងនោះដែរ ទីផ្សារអាគារពាណិជ្ជកម្មផ្នែកលក់រាយ គឺអ្នកលក់ត្រូវប្រឈមមុខ នឹងមានការប៉ះពាល់ខ្លាំង ដោយវិបត្តិសកល ដោយអ្នកលក់មិនសូវពង្រីកអាជីវកម្មនានាដូចមុនវិបត្តិ Covid 19 ដោយអ្នកលក់សម្រេចចិត្តក្នុងការលក់តាម Online វិញ។
អ្នកនាងបន្តថា ចំណែកអាគារពាណិជ្ជកម្មតាមបែបOffice វិញ គឹមាននិន្នការជួលកើនឡើងខ្លាំង ក្នុងចំណោមអាគារពាណិជ្ជកម្មកម្រិតC និងDផងដែរ”៕