ដោយៈសុខុម
ហ្សារតា: ក្រុមហ៊ុន UPC Renewables ដែលជាអ្នកអភិវឌ្ឍន៍ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនី (Wind Farm) បានប្រកាសកាលពីពេលថ្មីៗនេះថា ដំណើរការសាងសង់ក្នុងគម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីកម្លាំង១៥០មេហ្គាវ៉ាត់នៅទីក្រុង Sukabumi ខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមឆាប់ៗនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post បានឱ្យដឹងថា ផ្អែកតាមផែនការមេ ការសាងសង់ក្នុងគម្រោងស្ថានីយ កង្ហារខ្យល់ផលិតអគ្គិសនី ដែលធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ នេះបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៤។
គោលបំណងនៃការអភិវឌ្ឍស្ថានីយ កង្ហារខ្យល់ផលិតអគ្គិសនីនេះ គឺដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កោះជ្វា (Java) និងកោះបាលី ហើយក៏ដើម្បីជួយរដ្ឋាភិបាលសម្រេចគោលដៅផលិតថាមពលកកើតឡើងវិញឱ្យបាន២៣% នៃការផ្គត់ផ្គង់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥ ដែលស្របតាមគោលនយោបាយជាតិស្តីពីថាមពលផងដែរ។
លោក Uu Ruzhanul អភិបាលរងនៃកោះជ្វា បានលើកឡើងអំឡុងពេលចុះត្រួតពិនិត្យទីតាំងគម្រោងស្ថានីយ៍ កង្ហារខ្យល់ផលិតអគ្គិសនីខាងលើនេះ កាលពីថ្ងៃទី៨ កញ្ញា ថា “ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីក្នុងទីក្រុង Sukabumi នេះទំនងជាធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍”។
គម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីជាមួយនឹងទំហំទុនវិនិយោគជាង២៣១លានដុល្លារនេះ ត្រូវបានចាត់ទុកជាគម្រោងយុទ្ធសាស្ត្រដ៏ល្អមួយ នៅក្នុងខេត្តជ្វាខាងលិច៕