អភិវឌ្ឍន៍
ដោយៈសុខុម
ភ្នំពេញៈ ការទិញដីពីជនបរទេសនៅកម្ពុជា អាចធ្វើឡើងបានដរាបពួកគេបានចូលសញ្ជាតិខ្មែរ ប៉ុន្តែអ្នកជំនាញអន្តរជាតិមួយរូបបានលើកឡើងថា កម្ពុជាគួរតែបើកចំហជាងនេះ ដើម្បីឲ្យពួកគេទិញដីសម្រាប់ធ្វើការអភិវឌ្ឍន៍បាន ដោយភ្ជាប់ជាមួយលក្ខខ័ណ្ឌមួយចំនួន។
អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោកSunny Soo អគ្គនាយកក្រុមហ៊ុនMRICS MISMបានមានប្រសាសន៍ឲ្យដឹងកាលទីថ្ងៃទី១៩ កញ្ញាកន្លងមកថា នៅកម្ពុជាជនបរទេស ឬក្រុមហ៊ុនបរទេសស្របច្បាប់ជាច្រើន ដែលចង់មករកស៊ីដោយសុចរិតត្រឹមត្រូវ មិនអាចទិញដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ពួកគេគ្រាន់តែចង់បានប័ណ្ណកម្មសិទ្ធិប៉ុណ្ណោះ ដើម្បីជាការធានាថា មានសុវត្ថិភាព ហើយគ្មានអ្វីមានសុវត្ថិភាពជាងមានប័ណ្ណកម្មសិទ្ធិនោះទេ។
លោកបន្តថា “នៅកម្ពុជា ជនបរទេសដែលចង់ទិញដីលើសពី៥ហិកតា គឺត្រូវមានការអនុម័តពិសេស។ នេះមានន័យថា បើទិញក្រោម៥ហិកតា គឺជនបរទរទេសមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីឡើយ”។ លោកបន្តថា “ដូច្នេះកម្ពុជា គួរតែផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពួកគេគ្រប់គ្នា ទោះជាទិញក្នុងទំហំប៉ុណ្ណាក៏ដោយ តែត្រូវស្ថិតក្រោមលក្ខខណ្ឌថា អ្នកដែលទិញដីរួចហើយ ត្រូវធ្វើការអភិវឌ្ឍនៅលើដីជាក់ស្ដែងក្នុងរយៈពេល៥ឆ្នាំ គឺមិនមែនសន្យាចោលឱ្យតែរួចពីមាត់ថា អភិវឌ្ឍក្នុងទំហំប៉ុណ្ណេះ ឬប៉ុណ្ណោះតែនៅលើក្រដាសនោះឡើយ។ យើងត្រូវចាប់បង្ខំឱ្យពួកគេធ្វើការអភិវឌ្ឍ”។
លោកSunny Sooបានបន្តថា កុំភ្លេចចំណុចដ៏សំខាន់គឺថា ដីគ្រាន់តែជាចំណែកដ៏តូច ពោលគឺត្រឹមតែ១០ ទៅ២០ភាគរយនៃទំហំវិនិយោគសរុបប៉ុណ្ណោះ។ ឧបមាថា បើវិនិយោគិនយកលុយ២០០លានដុល្លារ មកទិញដីនៅកម្ពុជាមានន័យថា ពួកគេនឹងត្រូវយកលុយ១ពាន់លានដុល្លារ បន្ថែមទៀតសម្រាប់ធ្វើការអភិវឌ្ឍនៅលើដីនោះ។
លោកបន្តថា នៅក្នុងប្រវត្តិសាស្ត្រទាំងពិភពលោក គ្មានប្រទេសណាមួយអាចទិញយកដីធ្លីនៅក្នុងប្រទេសផ្សេង ដើម្បីយកមកកាន់កាប់បានឡើយ គឺមានតែធ្វើសង្គ្រាមដើម្បីដណ្ដើមប៉ុណ្ណោះ។ ឥឡូវសាកក្រឡេកមើលប្រទេសជប៉ុនទៅមើល ប្រទេសនេះមានខ្លាំងណាស់ គឺមានលុយអាចទិញយកសង្កាត់Manhattan នៃក្រុងញវយ៉ក បានទាំងមូល ប៉ុន្តែជាក់ស្ដែងសួរថាមានទេ អាចទៅរួចទេ? ចម្លើយគឺគ្មានទេ មិនអាចទៅរួចទេ គឺមានតែជនជាតិជប៉ុន ដែលវិនិយោគនៅទីនោះប៉ុណ្ណោះ។
លោកបន្តថា “អញ្ចឹងទេ ខ្លាចអ្វីនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនវិនិយោគិនបរទេស ហើយបើធ្វើបែបនេះបាន នោះទុនវិនិយោគបរទេសនឹងហូរមកកម្ពុជាកាន់តែច្រើន”។
លោកSunny Sooបានបន្តថា ទោះជាយ៉ាងណា ការផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ ត្រូវធ្វើឡើងក្រោមលក្ខខណ្ឌថា ពួកគេត្រូវតែធ្វើការអភិវឌ្ឍលើដីដែលពួកគេបានទិញ។ បើមិនសាងសង់ ត្រូវផាកពិន័យពួកគេ។ ប្រសិនបើមិនសាងសង់ដូចអ្វីដែលបានព្រមព្រៀងគ្នា ហើយបើពួកគេធ្វើអ្វីខុសច្បាប់ នោះផ្នែកអន្តោប្រវេសន៍ នឹងហាមឃាត់ពួកគេមិនឱ្យចូលមកកម្ពុជា ហើយដីដែលពួកគេបានទិញ នឹងក្លាយជាសម្បត្តិរដ្ឋរបស់កម្ពុជា បើពួកគេមិនធ្វើតាម។
លោកបន្តថា “ដូច្នេះកម្ពុជា អាចគ្រប់គ្រងរំហូរចូលវិនិយោគិនបរទេសបាន។ បើពួកគេមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើស ពួកគេមិនអាចចូលមកកម្ពុជា បានឡើយ។ ទាំងនេះសុទ្ធតែជារឿងដែលកម្ពុជា អាចធ្វើបាន”។
លោកបន្តថា កុំបាច់ព្រួយបារម្ភខ្លាចទីក្រុងទាំងមូលរបស់កម្ពុជា មានសុទ្ធតែជនជាតិចិន ឬជនជាតិជប៉ុន ព្រោះវាជារឿងដែលមិនអាចកើតឡើងនោះឡើយ។ តែបើសម្បូរដោយជនជាតិចិន ដូចនៅក្រុងព្រះសីហនុ គឺជារឿងល្អទៅវិញទេ។ ឥឡូវអគារធំៗខ្ពស់ៗជាច្រើន រីកដូចផ្សិតដោយសារតែជនជាតិចិន បើយើងសម្លឹងមើលទៅលើទុនវិនិយោគដែលហូរចូលមកក្រុងនេះគឺច្រើនសន្ធឹកសន្ធាប់ណាស់។ ក្រឡេកមើលទៅលើអាជីវកម្មដែលពួកគេបង្កើតឡើង គឺចំណេញខ្លាំងមែនទែនសម្រាប់កម្ពុជា៕