ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាកម្ពុជានឹងសម្រេចបាន៥,៥ភាគរយ នៅក្នុងឆ្នាំ២០២២

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ដោយទម្លាក់កំនើនមកនៅត្រឹម១,៩ភាគរយនៅឆ្នាំ២០២១នេះ ដោយសារការអូសបន្លា​យនៃជំងឺ រាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត៥,៥ភាគរយ ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ២០២២។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីមួយរបស់ធនាគារនេះ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ។

លោកស្រីបន្តថា “ដោយផ្អែកលើចំណុចនេះ យើងព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានត្រឹម១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករណ៍កាលពីមុនរបស់យើងដែលរំពឹងសម្រេចបានកំនើន៤,០% របស់យើងកាលពីខែមេសា”។

យោងតាម ការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១ វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង១,៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេ​ស បានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យ កសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើនឡើង៣០,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងកំណើនដ៏រឹងមាំនៃការនាំចេញកសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងៗទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង លើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះ ៩១,៣% ក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ  ០,៦% នៅឆ្នាំ ២០២១ ។

ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង (GTF)  ក្នុងឆមាសទីមួយឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ ២០២០ ក៏ដោយ។ ផលិតកម្ម ផ្សេង ទៀត បានបន្តលូតលាស់ ហើយ សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយ នឹងការនាំចូល សម្ភារៈសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ ធៀបនឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករនៅកម្រិត ៥,៣% ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យ នឹងលទ្ធភាព ក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង និង ការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។

រាជរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះរួមមានការផ្តល់វ៉ាក់សាំង និងការព្យាបា​លជំងឺកូវីដ១៩ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)។

លោកស្រី Durrani-Jamal បានមានប្រសាសន៍បន្ថែមថា“ដើម្បីលើកកម្ពស់ជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្តក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here