ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ ការចាក់បំពេញដី និងខ្សាច់លើទីក្រុងកោះនរា ដែលមានទំហំ១២៥ហិកតានឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ឋទាំងមូល ដែលគ្រោងចំណាយប្រាក់រហូតដល់២៥០០លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការចាក់បំពេញដីបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម ដែលតាមផែនការគំរោងចាក់ដី នឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ស្របពេលគំរោងមួយចំនួនបាននិងកំពុងត្រៀមចាប់ផ្តើមសាងសង់បណ្តើរៗហើយ។
លោកបន្តថា “ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់ ប្រមាណ៣០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាលើកដំបូងលើទីក្រុងនេះ ដែលគំរោងនេះស្ថិតនៅលើផ្ទៃដីជាង១ហិកតា”។លោកបន្តថា “វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលស្រដៀងគ្នានឹងគំរោងAlyseeនៅលើទីក្រុងកោះពេជ្រ”។
ទោះជាយ៉ាងណាការឌីសាញគំរោងនេះ មិនទាន់បានបញ្ចប់ និងដាក់លក់នៅឡើយទេ តែវាជាប្រភេទផ្ទះសម្រាប់ពាណិជ្ជកម្ម ដែលមានកំពស់ពី៧ជាន់ដល់១៣ជាន់ និងមានទំហំទទឹង៨ម៉ែត្រ គុណនឹង២០ម៉ែត្រ។
លោកទូច សំណាងបានបន្តថា ជាមួយនឹងផែនការអភិវឌ្ឍរបស់ទីក្រុងកោះនរា ក្រុមហ៊ុនOCIC នឹងសាងសង់អាគារកប់ពពកមួយ នៅលើក្បាលកោះនរា ដែលវានឹងជាLand Markដ៏អស្ចារ្យមួយសម្រាប់លើកកំពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជា។
លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍរបស់យើង មានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ដែលបច្ចុប្បន្នទីក្រុងនេះបាន និងកំពុងលេចចេញនូវវត្តមានអាគារកប់ពពកព្រោងព្រាត ប៉ុន្តែបច្ចុប្បន្នការប្រើប្រាស់ដីសម្រាប់គំរោងនេះ ទើបសម្រេចបាន៥០ភាគរយប៉ុណ្ណោះ”។
ក្រុមហ៊ុនOCICជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកមួយ ដែលបានវិនិយោគលើគំរោងធំៗជាច្រើន ដូចជាទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងកោះនរា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី វិមានកាណាឌីយ៉ា បុរីទេសចរណ៍ខេត្តសៀមរាបជាដើម៕