ដោយៈសុខុម
ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន Evergrande បាននិងកំពុងបង្កការជ្រួលច្របល់ យ៉ាងខ្លាំងពេញទីផ្សារទូទាំងពិភពលោក នៅពេលដែលក្រុមហ៊ុននេះ ជួបបញ្ហាធំផ្ទួនៗគ្នានៅសប្ដាហ៍នេះ ហើយបណ្ដាវិនិយោគិនអន្តរជាតិ កំពុងចោលក្រសែភ្នែកសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ថា តើជោគវាសនារបស់ក្រុមហ៊ុននេះនឹងទៅជាយ៉ាងណា។
ក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនបំផុត ក្នុងពិភពលោកដែលមានទំហំទឹកប្រាក់ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក នេះបានប្រឈមនឹងតេស្តសាកល្បងដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា នៅពេលក្រុមហ៊ុននេះដល់ពេលត្រូវបង់ការប្រាក់ជិត៨៤លានដុល្លារលើសញ្ញាប័ណ្ណ។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់ថា តើក្រុមហ៊ុន Evergrande នឹងបង់ការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះឬក៏អត់ឡើយ។
ទីផ្សារពិភពលោក បានទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារហានិភ័យក្ស័យធន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយនេះ។ ទោះជាយ៉ាងណា គេមិនសូវព្រួយបារម្ភ អំពីការរីករាលដាលវិបត្តិហិរញ្ញវត្ថុប៉ុន្មានឡើយ គឺគេមានការព្រួយបារម្ភច្រើនជាងគេ អំពីផលប៉ះពាល់កាន់តែធំទៅលើប្រទេសចិន ជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ដែលបានបង្អង់ល្បឿនកំណើនរួចទៅហើយ។
ជុំវិញការបង្អង់ល្បឿនកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលចិនបានបកស្រាយថា “វាបណ្ដាលមកពីការរីករាលដាលវីរុសកូវីដ-១៩ ព្រមទាំងគ្រោះទឹកជំនន់ផងដែរ”។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចកាន់តែមានការជឿជាក់ថា ការបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ចចិន អាចបន្តកើតមាន។
តួយ៉ាង គម្រោងលំនៅដ្ឋានថ្មីៗក្នុងប្រទេសនេះ បានធ្លាក់ចុះ៣,២%ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ នេះ។
*ហេតុអ្វីវិស័យអចលនទ្រព្យមានសារៈសំខាន់ខ្លាំងម៉្លេះ?
វិស័យអចលនទ្រព្យរបស់ប្រទេសចិន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃការបង្កើតការងារ ហើយគ្របដណ្ដប់២៩%នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នោះមានន័យថា ការបង្អង់ល្បឿន អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដែលមិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល។
ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសេដ្ឋកិច្ចដទៃទៀត នៅទូទាំងទ្វីបអាស៊ី នឹងទទួលរងផលប៉ះពាល់ពីការបង្អង់ល្បឿង កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន។ ហើយបណ្តាប្រទេសអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ផង ដែលនាំចេញទំនិញជាច្រើនទៅកាន់ប្រទេសចិន ក៏នឹងរងផលប៉ះពាល់ផងដែរ៕ CNN៕