វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី នៅតែបន្តអភិវឌ្ឍទៅមុខទាំងហេដ្ឋារចនាសម្ពន្ធ និងផ្នែកបដិសណ្ឋាកិច្ច

0

ដោយ សុជាតា

ភ្នំពេញៈ ខេត្តមណ្ឌលគិរី នៅតែមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ ខណៈផែនការមេដើម្បីអភិវឌ្ឍខេត្តនេះរបស់រដ្ឋាភិបាលបានបញ្ចប់ និងកំពុងជំរុញការរីកចម្រើនលើវិស័យបដិសណ្ឋារកិច្ចមួយក​ម្រិតទៀត។

លោកងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងនាព្រឹកថ្ងៃទី២៤ កញ្ញានេះថា ទោះស្ថិតក្នុងបរិបទកូវីត១៩ក៏ដោយ  តែវិស័យទេសចរណ៍នៅតែអភិ​វឌ្ឍទៅមុខរហូត ដោយគិតត្រឹមពេលនេះ មានការសាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែមរហូតដល់ជាង១៥០០បន្ទប់ហើយ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេលប្រទេសកម្ពុជា បើកដំណើរការវិស័យនានាជាធម្មតាវិញ។

លោកបន្តថា “ភ្ញៀវទេសចរណ៍ក្នុងស្រុកនៅតែបន្តមកទស្សនា ដោយសារហេដ្ឋារចនាសម្ព័ន្ឋធ្វើដំណើរស្រួល ទេសភាពស្អាត និងលក្ខខ័ណ្ឌអាកាសធាតុមានភាពអំណោ​យផលខ្ពស់”។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ Property area asia នៅថ្ងៃទី ២៤ ខែកញ្ញា ថា ខេត្តមណ្ឌលគីរី គឺជាខេត្តដែលមានទាក់ទាញទេសចរណ៍បែបធម្មជាតិ ជាពិសេសសម្បត្តិព្រៃឈើ ដែលអ្នកទេសចរអាចទ ស្សនាកំសាន្ត បន្ថែមពីលើទេសចរបែបប្រពៃណី និងវប្បធម៌ នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា គេសងេ្កតឃើញថា កំណើនភ្ញៀវទេសចរមកទស្សនាខេត្តមណ្ឌលគីរី មានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំៗ ហើយរដ្ឋាភិបាលកម្ពុជា បានបង្កើតផលិតផលថ្មី​ៗមួយចំនួនទៀត គឺកសិទេសចរ សម្រាប់ភ្ញៀវទេសចរអាចមានជម្រើសបន្ថែមទៀត ក្រៅពីតំបន់ប្រាសាទ និង តំបន់ឆ្នេរសមុទ្រ។

លោកបន្ថែមទៀតថា “តាមរយៈគម្រោងវិនិយោគព្រលានយន្តហោះ នៅខេត្តមណ្ឌលគីរី ពីសំណាក់រាជរដ្ឋាភិបាល ធ្វើអោយតំបន់នេះ ក្លាយទៅជាប៉ូលទេសចរណ៍ និង សេដ្ឋកិច្ចដ៏សំខាន់មួយទៀត ពីព្រោះថា វិស័យទេសចរណ៍ និងសេវាកម្ម ជាប្រភពប្រាក់ចំណូលដ៏សំខាន់ ដែលភ្ញៀវទេសចរបានចំណាយប្រាក់ជាច្រើន សម្រាប់ដំណើរកំសាន្ត”។

ក្រោមការគិតគូរវែងឆ្ងាយ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលរៀបចំនិងដាក់ចេញ ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីជាត្រីវិស័យ ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យទេស​ចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យ នៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលតម្រង់ទិសការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ខេត្តមណ្ឌលគិរី ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រា​ប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកប​ដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច សង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណ ដើមរបស់ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here