ដោយៈសុខុម
ប្រទេសចិន: វិបត្តិដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុន Evergrande ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់មហាយក្សចិន បាននិងកំពុងបង្កការជ្រួលច្របល់យ៉ាងខ្លាំង ពេញទីផ្សារទូទាំងពិភពលោក នៅមួយរយៈពេលចុងក្រោយនេះ។
ប៉ុន្តែតើអ្វីជាបញ្ហាធំពិតប្រាកដ នៅពីក្រោយវិបត្តិដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងភាពរង្គោះរង្គើនេះ?។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលរបស់ក្រុមហ៊ុន Evergrande បានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលក្រុមហ៊ុននេះសម្រុកខ្ចីប្រាក់ ដើម្បីពង្រីកអាជីវកម្មនានារបស់ខ្លួនឱ្យកាន់តែធំ ដើម្បីបំពេញមហិច្ឆតាដ៏ធំសម្បើមរបស់ខ្លួន។
ជាលទ្ធផលក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះស្អុយអសោច ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនបំផុតក្នុងប្រទេសចិន ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារ។
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុននេះបានព្រមានដល់ក្រុមអ្នកវិយោគថា ខ្លួនមានបញ្ហារំហូរសាច់ប្រាក់ ដោយអះអាងថា ខ្លួនអាចនឹងខកខាន ក្នុងការសងបំណុល ប្រសិនបើមិនអាចប្រមូលដើមទុន តាមរយៈការលក់ទ្រព្យសកម្ម មួយចំនួនរបស់ខ្លួនទាន់ពេលវេលាទេនោះ។
អ្វីដែលក្រុមហ៊ុននេះព្រមាន ពិតជាបានកើតឡើងមែនកាលពីសប្ដាហ៍មុន នៅពេលក្រុមហ៊ុននេះ បានទម្លាយឱ្យដឹងថា ខ្លួនមានបញ្ហាដោយស្វែងរកអ្នកទិញទ្រព្យសកម្មមួយចំនួនរបស់ខ្លួនមិនបាន។
ក្រុមអ្នកជំនាញបានលើកឡើងថា មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុន Evergrande បានជួបការខកចិត្តស្អិតទ្រូង មិនខុសពីការធ្លាក់ចូលក្នុងទឹកក្ដៅ ឬរណ្ដៅភ្លើងនោះឡើយ។
លោកស្រី Mattie Bekink នាយកប្រចាំប្រទេសចិន នៃក្រុមហ៊ុនអង់គ្លេស Economist Intelligence Unit (EIU) ដែលផ្ដល់សេវាសិក្សាស្រាវជ្រាវ និងវិភាគទីផ្សារទូទាំងពិភពលោកបានថ្លែងថា ក្រុមហ៊ុន Evergrande មានមហិច្ឆតាធំខ្លាំងពេក ដោយបានប្រថុយហក់ចូលប្រឡូក ក្នុងអាជីវកម្មចម្រុះជាច្រើន ដែលឃ្លាតឆ្ងាយពីអាជីវកម្មស្នូលរបស់ខ្លួន ហើយនេះជាហេតុផលដ៏ចម្បងមួយ ដែលបានទាញក្រុមហ៊ុននេះឱ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរដូចពេលនេះ។
អ្នកវិភាគដែលមកពីធនាគារអាមេរិក Goldman Sachs បានលើកឡើងកាលពីពេលថ្មីៗនេះថា រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Evergrande មានភាពស្មុគស្មាញពិបាកយល់ ហើយខ្វះព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។
ទោះជាយ៉ាងណា វិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ មិនត្រឹមតែជាវិបត្តិរបស់ស្ថាប័នឯកជនមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីហានិភ័យ ជាមូលដ្ឋាននៅក្នុងប្រទេសចិនទាំងមូលផងដែរ។
លោកស្រី Mattie Bekink បានលើកឡើងដូច្នេះថា “បញ្ហារបស់ក្រុមហ៊ុន Evergrande ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលចាក់ឫសយ៉ាងជ្រៅ ចំពោះបំណុល ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន”។
បញ្ហានេះ មិនមែនជារឿងថ្មីទាំងស្រុងនោះទេ។ តួយ៉ាងកាលពីឆ្នាំ២០២០ ក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋជាច្រើនរបស់ប្រទេសចិន បានខកខានក្នុងការសងបំណុលរបស់ខ្លួន ជាហេតុធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការពឹងផ្អែករបស់ប្រទេសនេះលើការវិនិយោគ ដែលជំរុញដោយបំណុល ដើម្បីទទួលបានកំណើន ឬនិយាយឱ្យងាយស្ដាប់បានថា ខ្ចីលុយយកមកពង្រីកអាជីវកម្ម គឺមិនមែនយកលុយចំណេញមកពង្រីកអាជីវកម្មនោះឡើយ។
នៅឆ្នាំ២០១៨ កំពូលមហាសេដ្ឋី Wang Jianlin បានបង្ខំចិត្តកាត់បន្ថយការចំណាយក្នុងក្រុមហ៊ុនដ៏ធំ Dalian Wanda របស់លោក នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការលើក្រុមហ៊ុននានា ដែលខ្ចីប្រាក់យ៉ាងច្រើន ដើម្បីជំរុញការពង្រីកអាជីវកម្មនៅក្រៅប្រទេស។
កាលពីសប្តាហ៍មុន លោក Mark Williams អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអង់គ្លេស Capital Economics បានលើកឡើងថា វិបត្តិធ្ងនធ្ងររបស់ក្រុមហ៊ុន Evergrande នឹងក្លាយជាតេស្តសាកល្បងដ៏ធំបំផុត ដែលប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្រឈមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ”។
អ្នកជំនាញរូបនេះបន្ថែមទៀតថា “ឫសគល់នៃបញ្ហារបស់ក្រុមហ៊ុន Evergrande គឺថា តម្រូវការអចលនទ្រព្យ ប្រភេទលំនៅដ្ឋាននៅក្នុងប្រទេសចិន កំពុងឈានចូលដល់យុគសម័យធ្លាក់ចុះយូរអង្វែងហើយ។ បញ្ហាដែលកើតឡើងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យមានការផ្តោតការយកចិត្តទុកដាក់ខ្លាំង លើផលប៉ះពាល់ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារការខកខាន ក្នុងការសងបំណុលរបស់ក្រុមហ៊ុនអភវឌ្ឍន៍អចលនទ្រព្យនានា”៕ CNN៕