ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ជាការកត់សម្គាល់ គេមើលឃើញថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យតម្លៃដីធ្លី និងសក្ដានុពលវិនិយោនៅតំបន់នោះមានការប្រែប្រួលនិងហាងឆេងខ្ពស់។
ជាក់ស្តែងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗ នៅតំបន់មួយចំនួនដែលមិនសូវមានការចាប់អារម្មណ៍ពីមុននោះ បែរជាទទួលបានការចាប់ផ្ដើម និងធ្វើឱ្យតម្លៃដីធ្លីកាន់តែមានហាងឆេងខ្ពស់។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នឹងជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែមពីវិនិយោគជាតិ និងអន្តរជាតិ ហើយគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវណាមួយនោះ ក៏បានជួយជំរុញតម្លៃដីធ្លីងើបឡើងមួយកម្រិតផងដែរ។ ដូច្នេះទើបរដ្ឋាភិបាលបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងគម្រោងជួសជុលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធចាស់ៗផងដែរ ។
បើតាមលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា យើងមើលឃើញថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាបានជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិននានាមែន។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ នៅខេត្តពោធិ៍សាត់ និងឆ្លងកាត់ខេត្តបី ពោធិ៍សាត់ បាត់ដំបង និងកោះកុង បាននិងកំពុងទាក់ទាញ ដល់បណ្ដាវិនិយោគិននៅតាមប ណ្ដោយផ្លូវនោះ ហើយតម្លៃដីធ្លីវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងរចនាសម្ព័ន្ធដទៃទៀតបានជួយដល់ទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ដូច្នេះយើងឃើញថារដ្ឋាភិបាលបានបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាហូរហែរ។ ជាក់ស្ដែងក្នុងវិបត្តិកូវីដ១៩នេះ ក៏រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទៅតាមផែនការនិងបន្តអភិវឌ្ឍ គម្រោងថ្មីៗបន្តបន្ទាប់ទៀតផង ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានមានប្រសាសន៍កន្លងមកថា ផ្លូវមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពលរដ្ឋធ្វើដំណើរដឹកជញ្ជូនទំនិញ ក៏ដូចជា ទាក់ទាញបណ្ដាវិនិយោគិនជាតិនិងអន្តរជាតិនានា ស្វែងរកការបណ្ដាក់ទុន។
លោកបន្តថា “ដូច្នេះរដ្ឋាភិបាលបានសន្សំសំចៃថវិកា ពីការចំណាយនានា ដើម្បីសាងសង់ហេដ្ឋានរចនាសម្ព័ន្ធ នៅទូទាំងប្រទេសកម្ពុជា ទោះបីនៅក្នុងវិបត្តិកូវីដ១៩ក៏រដ្ឋាភិបាលមិនបានផ្អាក ឬបញ្ឈប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះដែរ”។ លោកថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានទាក់ទាញដល់ការវិនិយោគនានាផងដែរ ជាក់ស្ដែងកន្លងមកក៏ឃើញស្រាប់ហើយ”៕