អ្នកជំនាញអន្តរជាតិជាច្រើននឹងបង្ហាញបទពិសោធន៍និងចែករំលែកចំណេះដឹងទាក់ទងហានិភ័យទាក់ទងវិស័យសំណង់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិនានានឹងធ្វើការចែករំលែក និងបង្ហាញបទពិសោធន៍ទាក់ទងនឹងហានិភ័យក្នុងវិស័យសំណង់នៅថ្ងៃច័ន្ទទី២៧ កញ្ញានេះ ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham សហការជាមួយ APHEDA។

សន្និសីទអនឡាញនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង ដល់សាធារណជនអំពីហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កពីសម្ភារសំណង់ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី២៧ កញ្ញា ដោយនឹងប្រមូលផ្តុំ សុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លលើប្រធានបទនេះ។

វាគ្មិនសំខាន់ៗទាំងនោះរួមមាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Archetype លោក Michel CASSAGNES, ប្រធានក្រុមផ្នែកអចលនទ្រព្យនៅក្រុមហ៊ុនច្បាប់ល្បី DFDL លោក Charles AMAR, អ្នកគ្រប់គ្រងផ្នែកមួយនៃអង្គការ APHEDA លោក Phillip HAZELTON, អនុប្រធាននៃ CCF លោក CHHAY Phalroth និងអនុប្រធានផ្នែកកិច្ចសន្យានៃ Comin Asia លោក Michael FREEMAN ។

សន្និសីទអនឡាញនេះ នឹងផ្តោតសំខាន់ទៅលើរបៀបកំណត់ថា តើសម្ភារសំណង់ណាដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យនៃសារធាតុអាបស្តូស នៅក្នុងវិស័យសំណង់ និងមូលហេតុ ដែលសារធាតុអាបស្តូសគួរតែត្រូវបានហាមឃាត់ មិនឱ្យប្រើក្នុងវិស័យសំណង់នៅកម្ពុជា។

លើសពីនេះ សិក្ខាសាលាក៏នឹងណែនាំសារៈសំខាន់ និងតួនាទីរបស់មន្ទីរពិសោធន៍ CCF ដែលជាមន្ទីរពិសោធន៍សាធារណៈ ក្រោមក្រសួងពាណិជ្ជកម្ម ដែលកំពុងផ្តល់នូវសេវាធ្វើតេស្តសម្ភារសំណង់នៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here