ដោយ គង់ សូរិយា
ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្ម Marubeni បានបង្ហាញពីបំណងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះសិក្សាលទ្ឋភាពនិងមើលឃើញសក្តានុពលក្នុងវិស័យនេះ។
លោកជំនួបជាមួយ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក Kaoru Iwasa នាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Marubeni ប្រចាំតំបន់អាស៊ាន និងអាស៊ីបូព៌ាកាលពីថ្ងៃទី២០ សីហាកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Marubeni បានវិនិយោគលើអាជីវកម្មជាច្រើន ដូចជា៖វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធានរ៉ែ និងថាមពលជាដើម។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មនេះមានសាខាចំនួន១៣១ និងការិយាល័យចំនួន៦៦ប្រទេសក្នុងពិភពលោក និងមានបុគ្គលិកធ្វើការប្រមាណ៤ម៉ឺននាក់ ចំណូលប្រចាំឆ្នាំ២០១៧គឺប្រមាណ១,៩២១លានដុល្លារអាមេរិក ។
លោកបន្តថា ក្រុមហ៊ុនមានជំនាញខ្ពស់លើវិស័យទឹកស្អាត និងបានធ្វើប្រតិបត្តិការជាច្រើនប្រទេសលើពិភពលោក ហេតុនេះទើបក្រុមហ៊ុនមានបំណងពិនិត្យលទ្ធភាពវិនិយោគវិស័យនេះនៅកម្ពុជាផងដែរ។
ក្រុមហ៊ុននេះមានគោលបំណងសិក្សាលទ្ធភាព វិនិយោគលើវិស័យទឹកស្អាត តាមរយៈការទិញភាគហ៊ុន ឬកម្មវិធីដៃគូរវាងរដ្ឋ និងឯកជន គឺមានលទ្ធភាពតិចតួច ដែលកើតមានឡើងនៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានស្វាគមន៍គំរោងវិនិយោគនេះ ដោយលោកបានថ្លែងឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងឈានទៅមុខមួយជំហានទៀត គឺមិនត្រឹមផ្តោតការផ្គត់ផ្គង់ទឹកស្អាតត្រឹមតំបន់ទីប្រជុំជនប៉ុណ្ណោះទេ ក្រសួងនឹងឈានបន្តិចម្តងៗ ដល់តំបន់ទីប្រជុំជនតូចៗ និងជនបទ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតចេញពីបំពង់ ព្រោះបើប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់កាន់តែច្រើន យើងនឹងរួមចំណែកបាននូវការកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់បានមួយកំរិតទៀត ពោលគឺកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ ដែលកើតឡើងពីការប្រើប្រាស់ទឹកមិនស្អាត៕