កម្ពុជាប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរិកម្ពុជា ចិន

0

         ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន(FTA កម្ពុជា-ចិន)ចាប់ពីពេលនេះតទៅ និងតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។

នៅក្នុងច្បាប់ខាងលើនេះ ដែលឡាយព្រះហស្តលេខារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុង។

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលកម្ពុជាបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់ជាមួយនេះ។

អត្ថប្រយោជន៍សំខាន់ៗ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កម្ពុជានឹងទទួលបានការបើកទីផ្សារឱ្យបានធំនិងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។ ក្នុងនោះកម្ពុជាក៏នឹងទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលអាចនាំចេញក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់, ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជាដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន និងការរៀបចំនិងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបន្តថា ជាពិសេសក្នុងកាលៈទេសៈវិបត្តិកូវីដ១៩ កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម-សេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here