ក្រុមហ៊ុនលំដាប់យក្សចិន Prince Holding Group គ្រោងបោះទុនវិនិយោគបន្ថែមទៀត បន្ទាប់ពីចំណាយ១០ពាន់លានដុល្លារនៅកម្ពុជា

0

ដោយៈសុខុម

ភ្នំពេញ: ដោយមើលឃើញសក្ដានុពលដ៏ខ្លាំងក្លារបស់កម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួច ក្រុមហ៊ុនចិន លំដាប់យក្ស Prince Holding Group ដែលបានបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក រួចមកហើយនៅកម្ពុជា គ្រោងបោះទុនវិនិយោគបន្ថែមទៀតនៅពេលអនាគតដ៏ខ្លីខាងមុខ។

ទុនវិនិយោគចំនួន១០ពាន់លានដុល្លារអាមេរិកនោះ បានចំណាយលើគម្រោងលំដាប់អន្តរជាតិធំៗចំនួន៤ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ក្រុមហ៊ុនចិន មួយនេះមានបុត្រសម្ព័ន្ធជាច្រើននៅកម្ពុជា ដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗទាំងនោះ រួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ផងដែរ។

តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនមេ Prince Holding Group មានអាជីវកម្មជាង៨០ប្រភេទនៅកម្ពុជា ដែលកំពុងប្រតិបត្តិការលើការ អភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភ័ស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យមួយចំនួនទៀត។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញ ខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនមេ Prince Holding Group បានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ជាតឹកតាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននៅលើផ្ទៃដីទំហំប្រមាណ៨៣៤ហិកតា ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យ ប្រកបដោយនិរន្តរភាពឈានមុខគេមួយ នៅប្រទេសកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគ សម្រាប់តំបន់នេះ ក្នុងទំហំវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងចម្ងាយ៨នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានគោលបំណងចូលរួមចំណែក ដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ឡើងវិញ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខ ក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ ក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

ក្រៅពីការពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណេញ ក្រុមហ៊ុន Prince Holding Group ក៏បានបង្កើតមូលនិធិព្រីនស៍ (Prince Foundation) ដើម្បីធ្វើសកម្មភាពមនុស្សធម៌ផងដែរ ដោយបានចំណាយប្រាក់ជាច្រើនលានដុល្លារអាមេរិក ជួយដល់សង្គមកម្ពុជា។

គិតរហូតមកទល់ពេលនេះ មូលនិធិព្រីនស៍ បានរៀបចំសកម្មភាពមនុស្សធម៌ជាង២៥០សកម្មភាព ចែកប្រាក់ និងគ្រឿងបរិក្ខារផ្សេងៗ សរុបជាទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋខ្មែរ ប្រមាណ ៥០០.០០០នាក់។

មិនតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ក្រុមហ៊ុនក៏បានបរិច្ចាគប្រាក់៣លានដុល្លារអាមេរិក ចំនួន២លើកដើម្បីជួយកម្ពុជាផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើននាក់សម្រាប់រយៈពេល៧ឆ្នាំ ជាមួយនឹងទំហំចំណាយជាង២លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here