ហេតុផល៩យ៉ាងជំរុញទឹកចិត្តអ្នកធ្វើអាជីវកម្ម
ដោយ៖ កុសមា
មនុស្សម្នាក់ៗ តែងមានបំណងប្រាថ្នាខុសៗគ្នា ត្បិតពួកគេចង់ រស់ក្នុងសេចក្តីថ្លៃថ្នូរ និងក្នុងជីវភាពមួយ ដែលល្អប្រសើរ ក្នុងសង្គម ។ អ្នកខ្លះប្រកបបកិច្ចការងារ ឯអ្នកខ្លះទៀតបើកអាជីវកម្មផ្ទាល់ខ្លួន។ យោងតាមសៀវភៅ “ចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន” របស់ លោកអួន សារ៉ាត់ បានប្រាប់ពីហេតុផលជំរុញទឹកចិត្តដែលនាំអោយមនុស្សធ្វើអាជីវកម្ម មានដូចជា
១. ឱកាសចំណេញ៖ នៅលើផែនដីនេះមានសម្បូរទៅដោយឱកាស តែមនុស្សខ្លះមើលមិនឃើញហើយ អ្នកខ្លះទៀតមើលឃើញ។ អ្នកដែលមិនឃើញឱកាសចំណេញ គេមិនចាប់ផ្ដើមធ្វើជំនួញទេ គេធ្វើអ្វីដែលគេមើលឃើញនៅចំពោះមុខពួកគេ តែប៉ុណ្ណោះចំណែកអ្នកដែលមើលឃើញ ឱកាសចំណេញ គេនឹងហក់ត្របាក់ភ្លៀម ដូចកង្កែបមើលឃើញមួយនុយដ៏ល្អ ឆ្ងុយឆ្ងាញ់គួរសមដល់ការឆី អញ្ចឹងដែរ។
២. មហិច្ឆតាទ្រព្យសម្បត្តិ៖ អ្នកដែលចាប់ផ្ដើមធ្វើអាជីវកម្ម ពួកគេសុទ្ធសឹងតែ ជាបុគ្គលមានចំនង់ពេញបេះដូង ចំណង់ដែលកើតចេញពីមហិច្ឆតានេះហើយ ដែលបង្កើត ឱ្យមានកម្លាំងជំរុញក្នុងខ្លួន ធ្វើឱ្យបុគ្គលនោះ នៅមិនសុខមិនស្ងៀម រិះរកវិធីយ៉ាងណាដើម្បីបានប្រាក់ និងដើម្បីសម្រេចមហ្ចិតា មានតែការធ្វើអាជីវកម្មទេ ដែលនាំឲ្យបានប្រាក់ ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តថា ត្រូវវតែធ្វើអាជីវកម្ម។
៣. ភាពធុញទ្រាន់ក្នុងការធ្វើការងារឱ្យអ្នកដទៃ៖ អ្នកខ្លះធ្វើការឱ្យគេយូរមុខមកហើយ ធុញទ្រាន់ ចង់ធ្វើអ្វីដែលប្លែកហើយថ្មី គិតទៅឃើញគេធ្វើជំនួញឡូយ ក៏ប្រថុយធ្វើនឹងគេដែរ ប៉ុន្តែលទ្ធផលមិនដូចគេសោះ ព្រោះអីយើងគ្មានចំណង់ ចេញពីក្នុងចិត្តទេ ធ្វើជំនួញ ដោយគ្រាន់តែសម្រួលអារម្មណ៍ ធុញទ្រាន់របស់យើងប៉ុណ្ណោះ ។ បើសិនជាយើង ធុញទ្រាន់នឹងការងារ មិនត្រូវឈប់ធ្វើការភ្លាមទេ ត្រូវបញ្ឆេះអារម្មណ៍ចំណង់និងរៀនសូត្រ ពីការធ្វើអាជីវកម្ម ឲ្យមានមហិច្ឆតាពិត និងចេះច្បាស់លាស់សិនចាំរៀប គម្រោងធ្វើអាជីវកម្ម។
៤. ការសាងស្នាដៃខ្លួនឯង៖ អ្នកខ្លះមិនចង់ពឹងការជួយពីអ្នកដទៃ ពួកគេចង់កសាងទ្រព្យសម្បត្តិដោយខ្លួនឯង បុគ្គលប្រភេទនេះ តែងមានការជឿជាក់លើខ្លួនឯងមាំណាស់ គេយកឈ្នះលើភាពភ័យខ្លាច គេហ៊ានប្រថុយប្រថាននិងមានទំនួលខុសត្រូវ ជាមនុស្សដែលមានភាពជាម្ចាស់ការ គេធ្វើអាជីវកម្មដើម្បីបង្កើតជោគវាសនាឲ្យខ្លួនឯង ភាពជោគជ័យតែងតែកើតមានចំពោះបុគ្គលដែលមានការតាំងចិត្តយ៉ាងប្រាកដបែបនេះ។
៥. ឯករាជ្យភាព៖ ការធ្វើការងារឲ្យអ្នកដទៃគ្មានភាពឯករាជ្យឡើយត្រូវធ្វើតាមគំនិត និងការបញ្ជារបស់គេ ជាកត្តាធ្វើឲ្យបាត់បង់ឯករាជ្យគ្មានការសម្រេចចិត្តខ្លួនឯង ដូច្នេះពួកគេសម្រេចចិត្តថាចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង តែការចាប់ផ្ដើមអាជីវកម្មខ្លួនឯងពុំទាន់ទទួលឯករាជ្យបានភ្លាមនោះទេ ផ្ទុយទៅវិញនៅតែលំបាកស្មុគស្មាញ ជាងមុនទៅទៀតហើយ ត្រូវរវល់ជាងមុន ព្រោះត្រូវសួរនឹងធ្វើតាមយោបល់របស់អ្នកដែលមានបទពិសោធន៍ និងអ្នកអនុវត្តផ្ទាល់ និងអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផលឬសេវាផ្ទាល់ផងដែរ។
៦. ការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន៖ ការធ្វើអាជីវកម្មផ្ទាល់ខ្លួនមានឱកាសបញ្ចេញសមត្ថភាពបានច្រើនជាងព្រោះវាជាអាជីវកម្ម និងការទទួលខុសត្រូវរបស់យើង។ ធ្វើការឱ្យគេ ត្រូវខ្លាចមុខក្រោយ និងខ្លាចខូចខាតរបស់គេ មិនអាចធ្វើអ្វីដែលខុស ការកំណត់របស់គេឲ្យធ្វើឡើយ។ ធ្វើអាជីវកម្មខ្លួនឯង នាំអោយកើនសមត្ថភាពខ្ពស់ ហ៊ានសាកល្បង ហ៊ានប្រថុយ
៧. ឧត្ដមភាពនិងកិត្តិយសនៃជីវិត៖ ការធ្វើអាជីវកម្មផ្ទាល់ខ្លួននាំមកនូវកិត្តិយសនិងឧត្ដមភាពនៃជីវិតពិតប្រាកដ។ កាបើរស់នៅអត់ការងារធ្វើនាំឲ្យ ជីវិតគ្មានក្ដីសុខ និងសេចក្តីថ្លៃថ្នូរ ។ ការដែលធ្វើការងារឲ្យគេឈ្មោះថាអ្នកស៊ីឈ្នួលឲ្យគេ ចំណែកការដែលមានអាជីវកម្មផ្ទាល់ខ្លួនឈ្មោះថា ជាម្ចាស់ជំនួញ ឬថៅកែ តើអ្នកណាមិនចង់បាន? មិនចង់ទទួលការសរសើរ? នេះជាកិត្តិយសនិងឧត្ដមភាពនៃជីវិត ព្រោះអ្វីៗកើតឡើងដោយសារអ្នកហើយជាលទ្ធផលសម្បើមផង។
៨. សេរីភាពនៃជីវិត៖ ជីវិតដែលមានសេរីភាពគឺគេមានប្រភពចំណូលមួយជាក់លាក់ និងមានស្ថេរភាព មិនមែនក្រោកព្រឹកឡើង ត្រូវធ្វើការងារ រឺបើមានបញ្ហាគ្រោះអាសន្នអត់បានធ្វើការ អត់ប្រាក់ចំនូលដែរនោះទេ ដើម្បីមានសេរីភាពហិរញ្ញវត្ថុត្រូវចាប់ផ្ដើមធ្វើអាជីវកម្មសាងឃ្លាំងប្រាក់។
៩. ការសម្រេចសុបិន្ត ៖ មនុស្សដែលមានសុបិន្តចង់ក្លាយជាសេដ្ឋីប្រាក់ លុះត្រាតែធ្វើអាជីវកម្ម។ មនុស្សម្នាក់ទោះចេះដឹងឬ មានសមត្ថភាពខ្ពស់យ៉ាងណា ក៏ដោយក៏មិនអាចរកប្រាក់បានច្រើន មហាសាលនោះដែរ ទាល់តែប្រើកម្លាំងរបស់មនុស្សអោយបានច្រើននាក់ ឬច្រើនគ្នា៕