គំរោងវិនិយោគខុនដូជប៉ុនតម្លៃ៧០លានដុល្លារបានបញ្ចប់គ្រោងអគារទាំងស្រុង

0

         ដោយៈគង់ ម៉ាលីន

         ភ្នំពេញៈ គំរោងវិនិយោគខុនដូរបស់ក្រុមហ៊ុនជប៉ុនARAKAWA Residenceដែល​គ្រោងបោះទុនវិនិយោគ៧០លានដុល្លារអាមេរិក បាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ជាមួយនឹងការបញ្ចប់គ្រោងអាគារដំណាក់កាលទី២។

គំរោងខុនដូArakawa Residence គឺជា​គម្រោង​អភិវឌ្ឍន៍​ខុនដូ​តម្លៃ​សមរម្យ ​ដែល​សាងសង់​នៅលើ​ផ្ទៃដី ១,៣៦ ​ហិកតា​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​។ គម្រោង​នេះ ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​ចែកចេញជា ២ ដំណាក់កាល​ក្នុង​នោះ​ដំណាក់កាល​ទី​១ មាន​អគារ​កម្ពស់២១​ជាន់​ចំនួន១០ និង​ដំណាក់កាល​ទី​២ ចំនួន៦អគារ​។

សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co.,Ltd លោក អៀង សុធារ៉ា បានមានប្រសា​សន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះ​​ថា បើទោះបី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ទៅដល់​មនុស្ស​ជាច្រើន ក៏​សកម្មភាព​សាងសង់​រប​ស់​គម្រោង​នេះ​មិនបាន​ផ្អាក​ឡើយ​។ ជាក់ស្តែង​ការសាងសង់​ក្នុង​ដំណាក់កាល​ទី​២ ដែលមាន​អគារ​ចំនួន៦ នៅពេលនេះ​បានបញ្ចប់​គ្រោង​អគារ១០០​ភាគរយ​រួចហើយ ដោយ​រំពឹងថា​ នឹង​អាច​បើក​ឱ្យ​អតិថិជន​ចូល​ស្នាក់នៅ ​ចាប់ពី​ឆមាស​ទី២ ឆ្នាំ​២០២២ខាងមុខនេះ​។

លោក​បន្តថា “គម្រោង​នេះ ​ត្រូវបាន​សាងសង់​ដោយ​ផ្តោត លើ​គុណភាព​សំណង់ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ”​។លោក​បន្តថា​ “​មហិច្ឆតា​ក្នុង​ការបញ្ចប់​ការសាងសង់​ទៅតាម​ផែនការ បានធ្វើឱ្យ​ដំណើរការ​សាងសង់​របស់​យើង​ ដំណើរការ​ទៅមុខ​ដោយ​រលូន​”។

ពេលនេះ​ ក្រុមការងារ​កំពុង​រៀបចំ​តភ្ជាប់​បណ្តាញទឹក ភ្លើង និង​រៀប​ឥដ្ឋ​ជា​បណ្តើរៗ​ហើយ​សម្រាប់​ដំណាក់កាល​ទី២​។

​ក្រុមហ៊ុន Arakawa Co., Ltd ចំនួន​បន្ទប់​ (​យូនីត​) ទាំង​អស់ចំនួន១៦៨០ ​យូនីត​នៃ​ដំណាក់កាល​ទី​១ បាន​លក់​អស់​១០០​ភាគរយ ខណៈ​ដំណាក់កាល​ទី​២ មានចំនួន១ ៤៨៤ យូនីត លក់បាន​ប្រហែល​៣០០​យូនីត​។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាលពី​ថ្ងៃទី​ ១២ ខែតុលា បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ ២០២១ ចំនួន​បន្ទប់​ស្នាក់​នៅក្នុង​ខុនដូ ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៣០,០០០​យូនីត​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here