ដោយៈគង់ សិរីជេស៊ីកា
សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ឲ្យដំណើរការផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥ ជាផែនការរយៈពេលវែង ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន។
ផែនការមេនេះបានចាត់បញ្ចូលតំបន់សំខាន់ៗចំនួន៦ ក្នុងខេត្តសៀមរាបដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមមានទី១ តំបន់ឧទ្យានជាតិភ្នំគូលែន ទី២
តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ទី៣-តំបន់បេតិកភណ្ឌអង្គរ ទី៣តំបន់ទីក្រុងសៀមរាប ទី៤តំបន់បឹងទន្លេសាប ទី៥ តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ដើម្បីបង្កើនភាពពេញចិត្តនិងភាពទាក់ទាញដល់ភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០២១កន្លងមក លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា ផ្នែកឯកជនរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ ដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបរួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើងពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវ ក្នុងតំបន់អង្គរតាមគន្លងប្រក្រតីភាពថ្មីនិងការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ សំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។
លោកបន្តថា “ការមកដល់ទេសចរអន្តរជាតិ រួមចំណែកទាំងការជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងចំណូលដោយ ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍”។
ជាមួយគ្នានេះ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៧ រួមមាន ទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាព នៅខេត្តសៀមរាប ទី២-ការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗ ទី៣-ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប។
ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រ វិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧ ការពង្រឹងអភិបាលកិច្ចសម្រាប់ ទ្រទ្រង់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយឈរលើអភិក្រមនៃការចូលរួម។
ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក “វិស័យទេសចរណ៍ជាមាសបៃតង” ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រង លើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិ ឱ្យបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន៕