ដោយ: កុសមា
ភ្នំពេញៈ បើអ្នកចង់ធ្វើការវិនិយោគ លើអចលនទ្រព្យអោយបានផលចំណេញជៀសវាងការ ធ្វើអោយខាតបង់នៅពេលក្រោយ អ្នកត្រូវយល់ដឹង និងទទួលពត៍មានអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ ជាមុនសិន សឹមសម្រេចចិត្តធ្វើវិនិយោគ។
យោងតាម សៀវភៅ “វិថីអចលនទ្រព្យ” របស់ លោក គាមសៀកឡុង បានអោយដឹងថា ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ គឺត្រូវស្គាល់អោយបានច្រើន ស្គាល់មនុស្សត្រូវ ជាពិសេសគឺប្រកបមុខរបរទទួលទាន ក្នុងវិស័យនេះតែម្ដង ដូចជាភ្នាក់ងារ អចលនវត្ថុស្របច្បាប់ មានចំណេះដឹង បទពិសោធន៍ មានទំនាក់ទំនងល្អ ជាមួយមនុស្សច្រើនក្នុងសង្គម មន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ នឹងគម្រោងអភិវឌ្ឍក្រុង រឺហេដ្ឋារចនាសម្ពន្ធ័ មន្ត្រីសុរិយោដី ភូមិបាលស្រុកខណ្ឌ អាជ្ញាធរមូលដ្ឋាន សារព័ត៌មាននានាដែលទាក់ទងនឹងអចលនទ្រព្យជាដើម។
យើងត្រូវវិនិយោគពេលវេលា ដោយចំណាយពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកដើម្បីចុះសិក្សា ស្វែងរកព័ត៌មាន និងមើលការអភិវឌ្ឍនានា ទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗអោយបានច្រើន។ ត្រូវមានផែនការនិងការតាំងចិត្ត ឲ្យក្លាយជាអ្នកវិនិយោគអោយ ពិតប្រាកដ ដើម្បីអាចទទួលបានប្រភពព័ត៌មាន និងសហការពីសំណាក់ពួកគាត់ ហើយកុំកំណាញ់និងប្រាក់តិចតួច (សុំបែងចែកកម្រៃជើងសារ ឬទិញហើយទាមទារយកវិញខ្លះ) ដែលធ្វើឲ្យយើងបាត់បង់ ឱកាសល្អដូចជម្រើសដំបូង គេនៅពេលដែលមានអចលនទ្រព្យល្អក្រោមទីផ្សារដាក់លក់។
នៅពេលដែលមានអចលនទ្រព្យ នៅតំបន់ណាមួយហើយ ពេលនោះយើងនឹងចាប់ផ្ដើមមានបណ្ដាញ និងមានព័ត៌មាន ជាហូរហែពីតំបន់នោះ បច្ចុប្បន្ននេះមានបណ្ដាញផ្សេងៗ មួយចំនួនដែលគេបង្កើតឡើង សំរាប់ផ្តោះប្តូរ អចលនទ្រព្យ ហាងកាហ្វេខ្លះៗ ជាកន្លែង ដែលអ្នករកស៊ីដីធ្លី ជួបជុំគ្នាឬតាមដាន ពួកគាត់តាមបណ្ដាញសង្គមផ្សេងៗ គួរស្វែងយល់ចូលរួម និងសាកល្បងបណ្ដាញសមាគមអចលនវត្ថុមួយចំនួន នៅកម្ពុជារួមទាំងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ ដែលមានក្រុមហ៊ុន ជាសមាជិករាប់រយក្រុមហ៊ុន បងប្អូនអាចសិក្សានិងពិនិត្យមើលប្រវត្តិ ពួកគាត់ តាមបណ្ដាញសង្គមនានាបាន៕