អ្នកជំនាញអចលនទ្រព្យថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នាំមកនូវភាពវិជ្ជមាន

0
លោកបណ្ឌិត គីម ហ៊ាង / លោក ស្រី តាំងហួរ / លោក អោម សេងបូរ៉ា

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ការបង្កើតអោយមានក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានវត្តមានពីថ្នាក់ដឹកនាំនៃគណបក្សផ្សេងៗ សម្រាប់វត្តមានរដ្ឋាភិបាលអណត្តិទី៦នាពេលខាងមុខ នឹងនាំមកនូវស្ថិរភាពនយោ​បាយ និងទាក់ទាញការវិនិយោគពី​បរទេសបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ សីហានេះថា ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់របស់សម្តេចតេជោ ជាការបង្ហាញដល់បរទេសឃើញយ៉ាងច្បា​ស់ពីសាមគ្គីភាពផ្ទៃក្នុងនៅកម្ពុជា។ លោកបញ្ជាក់ថា បើសិនជាវិនិយោគមើលឃើញថា សង្គមជាតិណាមួយគ្មានស្ថេរភាពនោះ គ្មានអ្នកវិនិយោគណាហ៊ានបោះទុននោះទេ។

លោកបន្តថា “ការបង្កើតឲ្យមានឧត្តមក្រុមប្រឹក្សានេះឆ្លុះបញ្ចាំងពីការរួមរួមគ្នាជាធ្លុងមួយរបស់អ្នកនយោបាយ ហើយអាចជជែកគ្នាត្រង់ទៅត្រង់មក ដើម្បីស្វែងរកចំណុច​រួម ក្នុងន័យការអភិវឌ្ឍន៍ជាតិទាំងអស់គ្នា”។លោកបន្តថា “មុនការបោះឆ្នោតមានការព្រួយ​បារម្ភពីគណបក្សប្រឆាំង មិនមានអ្នកទៅបោះឆ្នោត តែការបោះឆ្នោតមានអ្នកទៅបោះឆ្នោតជាង៨៣ភាគរយ គណបក្សចូលរួមចំនួន២០ វាពិតជាឆ្លុះបញ្ចាំងពីដំណើរការលទ្ឋិ​ប្រជាធិបតេយ្យនៅកម្ពុជាដ៏ល្អហើយ”។

លើកឡើងស្រដៀងគ្នាផងដែរ លោក ស្រី តាំងហួរ អគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdបានមានប្រសាសន៍ថា ការបង្កើតអោយមាន ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បង្ហាញពីភាពរួបរួមផ្ទៃក្នុងនយោបាយកម្ពុជា ដែលជាផ្នែកមួយទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើន។

ជាអ្នកជំនួញមួយរូបទៀត និងបានបណ្តុះបណ្តាលអ្នកដឹកនាំជំនួញជាច្រើននៅកម្ពុជា លោក អោម សេងបូរ៉ា អគ្គនាយក CEO Master Club បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទិដ្ឋភាពសង្គមកម្ពុជាមានប្រសើរជាខ្លាំង សម្រាប់ការងារជំនួញ ដោយពុំមានការប៉ះពាល់ដោយការបោះឆ្នោតនោះទេ។

លោកបន្តថា “ក្រោយការបោះឆ្នោតអ្វីៗមានភាពស្ងប់ស្ងាត់ បរិយាកាសនយោបា​យល្អប្រសើរ នឹងធ្វើឲ្យអ្នកជំនួញកាន់តែមានឳកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម ទៀត”។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ បានប្រកាសបង្កើតឡើងដោយសម្តេ​ចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ សីហាកន្លងមកនេះ ក្នុងជំនួបជាប្រវត្តិសាស្រ្តជាមួយមេដឹកនាំគណបក្សនយោបាយ ដែល​មិនទទួលបានអសននៅរដ្ឋសភា ក្រោយការបោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here