ដោយៈសុខុម
ញូវយ៉ក: ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Digital World Acquisition Corp ដែលមានទំនាក់ទំនងជាមួយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេសម្រុកទិញយ៉ាងផុសផុល ដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់។
យោងតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ តុលាបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងខ្ពស់កប់ពពក រហូតដល់ទៅ១.២២៥% ចាប់តាំងពីមានការប្រកាសថា ក្រុមហ៊ុននេះនឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Trump Media & Technology Group របស់លោក ដូណាល់ ត្រាំ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Digital World Acquisition Corp បានហក់ឡើងជិត៣ដងដល់១៣១,៩០ដុល្លារ ក្នុង១ភាគហ៊ុន នៅពេលទីផ្សារហ៊ុនអាមេរិក បានបើកការជួញដូរកាលពីព្រឹកថ្ងៃសុក្រ ទី២២ តុលា ក្រោយពីហក់ឡើង៤ដង កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា។
ក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះតាម Reddit និង StockTwits។ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ក្រុមហ៊ុននេះ បានជាប់កំពូលតារាងរបស់Fidelity ជាភាគហ៊ុនដែលទទួលបានការបញ្ជាទិញភាគហ៊ុនច្រើនជាងគេ រហូតដល់ទៅប្រមាណ៥៥.០០០ពីអតិថិជន។ ហើយកាលពីថ្ងៃសុក្រ ទី២២ តុលា ការបញ្ជាទិញជាង២០.០០០ត្រូវបានចុះឈ្មោះលើ Platform របស់ Fidelity។
យោងតាមសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នាថ្មីមានឈ្មោះថា Truth Social របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងចាប់ផ្ដើមដំណើរការនៅត្រីមាសទី១ ដើមឆ្នាំ២០២២។
ភាគហ៊ុននៃក្រុមហ៊ុន Digital World Acquisition Corp ដែលមានតម្លៃលើទីផ្សារជាង៥០០លានដុល្លារនេះ ជាភាគហ៊ុនដែលត្រូវបានជួញដូរសកម្មបំផុត។
យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បង្ហាញថា ភាគហ៊ុនប្រហែល៣៥លានភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានជួញដូរគិតត្រឹមម៉ោង៩:៣០នាទីព្រឹកនៅក្រុងញូវយ៉ក៕ Bloomberg៕