ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ ដូណាល់ ត្រាំ ស្ទុះហក់ឡើងខ្ពស់រហូត ដល់ជាង១.០០០ភាគរយ

0

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Digital World Acquisition Corp ដែលមានទំនាក់ទំនងជាមួយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេសម្រុកទិញយ៉ាងផុសផុល ដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់។

យោងតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ តុលាបាន​ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងខ្ពស់កប់ពពក រហូតដល់ទៅ១.២២៥% ចាប់តាំងពីមានការប្រកាសថា ក្រុមហ៊ុននេះនឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Trump Media & Technology Group របស់លោក ដូណាល់ ត្រាំ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Digital World Acquisition Corp បានហក់ឡើងជិត៣ដងដល់១៣១,៩០ដុល្លារ ក្នុង១ភាគហ៊ុន នៅពេលទីផ្សារហ៊ុនអាមេរិក បានបើកការជួញដូរកាលពីព្រឹកថ្ងៃសុក្រ ទី២២ តុលា ក្រោយពីហក់ឡើង៤ដង កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា។

ក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ  លើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះតាម Reddit និង StockTwits។ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ក្រុមហ៊ុននេះ បានជាប់កំពូលតារាងរបស់Fidelity ជាភាគហ៊ុនដែលទទួលបានការបញ្ជាទិញភាគហ៊ុនច្រើនជាងគេ រហូតដល់ទៅប្រមាណ៥៥.០០០ពីអតិថិជន។ ហើ​យកាលពីថ្ងៃសុក្រ ទី២២ តុលា ការបញ្ជាទិញជាង២០.០០០ត្រូវបានចុះឈ្មោះលើ Platform របស់ Fidelity។

យោងតាមសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នាថ្មីមានឈ្មោះថា Truth Social របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងចាប់ផ្ដើមដំណើរការនៅត្រីមាសទី១ ដើមឆ្នាំ២០២២។

ភាគហ៊ុននៃក្រុមហ៊ុន Digital World Acquisition Corp ដែលមានតម្លៃលើទីផ្សារជាង៥០០លានដុល្លារនេះ ជាភាគហ៊ុនដែលត្រូវបានជួញដូរសកម្មបំផុត។

យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បង្ហាញថា ភាគហ៊ុនប្រហែល៣៥លានភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានជួញដូរគិតត្រឹមម៉ោង៩:៣០នាទីព្រឹកនៅក្រុងញូវយ៉ក៕  Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here