ទីផ្សារដំឡូងមី នឹងប្រសើរឡើង ក្រោយគំរោងមានទឹកប្រាក់ ៨០ម៉ឺនដុល្លារត្រូវប្រកាស

0

ដោយដួង ចន្រ្ទា

ភ្នំពេញ៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីប្រកបដោយបរិយាបន្នបានបញ្ចប់ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយមថា វិស័យដំឡូងរបស់កម្ពុជា នឹងស្ទួយឧស្សាហកម្មក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសាកល កាន់តែល្អប្រ​សើ​រឡើងថែមទៀតនាពេលអនាគត។

ក្រោមគំរោងនៃកិច្ចសហការ រវាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ UNDP ប្រចាំកម្ពុជា និងក្រុមហ៊ុន Green Leader លើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តន៍គម្រោងជំរុញការអភិ​  វឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា កាលពីថ្ងៃម្សិលម៉ិញ លោកប៉ាន សូរស័ក្តិ មានប្រសាសន៍ថា កិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរលើគម្រោងខាងលើ ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។

លោកបន្តថា “មូលនិធិថ្មីនេះនឹងនាំមកនូវផ្លែផ្កា និងអត្ថប្រយោជន៍រួមសម្រាប់តួអង្គពាក់ព័ន្ធ ជាពិសេសកសិករដាំដុះដំឡូងមី ព្រមទាំងក្លាយជាគំរូហិរញ្ញវត្ថុថ្មី នៃភាពជាដៃគូរវាងវិស័យសាធារណៈនិងផ្នែកឯកជន”។

ដោយឡែកភាគីទាំងពីរ ដែលបានចុះហត្ថលេខារួមគ្នានេះ បានប្តេជ្ញាក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតលើប្រជាជនក្រីក្រ និងការអភិវឌ្ឍប្រកបដោយសង្គតិភាពនិងបរិយាប័ន្ន ជាពិសេសជំរុញការផ្លាស់ប្តូរដំណាំដំឡូងមី ឲ្យក្លាយទៅជាដំណាំសាច់ប្រាក់សម្រាប់កសិករខ្នាតតូច និងជាម៉ាស៊ីនទីពីរនៃការនាំចេញ។

គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា នឹងត្រូវអនុវត្តន៍ក្នុងរយៈពេល៣ឆ្នាំ៥ខែ។

ពិធីចុះហត្ថលេខារវាងអង្គការសហប្រជាជាតិ និងក្រុមហ៊ុន Green Leader នឹងដឹកនាំបង្កើតគំរូការធ្វើកសិកម្មតាមកិច្ចសន្យា ដែលមានរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយបរិយាកាសអំ​ណោ​យផលក្នុងតំបន់ សម្រាប់ប្រតិបត្តិការគម្រោង។ ចំណែកក្រុមហ៊ុនចិន នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមី ជាមួយបច្ចេកវិទ្យាខ្ពស់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីប្រមាណ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាកសិករដាំដំឡូងមី នៅតាមបណ្តាខេត្តនានាក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរពាណិជ្ជកម្មដំឡូងមីប្រកបដោយនិរ ន្តភាពនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here