ដោយគង់ សូរិយា
ភ្នំពេញ៖ ការផ្តល់ឥណទានរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា សម្រេចបានកំនើន៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី លោកអ៊ិន ចាន់នីបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទំហំឥណទានរបស់ធនាគារបានកើនទឹកប្រាក់ពី៣០២២លានដុល្លារកាលពីឆ្នាំមុន ដល់ចំនួន៣១១២លានដុល្លារនៅដំណាច់ខែកក្កដាកន្លងមកនេះ ស្មើនឹងកំនើន៣ភាគរយ។ លោកបន្តថា ការសម្រេចបានកំនើននេះ អាចធ្វើឲ្យធនាគារ ទទួលបានឥណទានតាមការគ្រោងទុកប្រចាំឆ្នាំ ដែលគ្រោងនឹងសម្រេចឲ្យបាន៩ភាគរយនៅឆ្នាំនេះ។
លោកបន្តថា “លើសពីនេះទំហំប្រាក់បញ្ញើរ បានកើនឡើងខ្ពស់ជាងឥណទាន ដោយទឹកប្រាក់បានកើនពី៣២៤៩លានដុល្លារ ដល់ទំហំ៣៤០៥,៩លានដុល្លារអាមេរិក។លោកបន្តថា “កំនើនឥណទាននិងប្រាក់បញ្ញើរ បានឆ្លុះបញ្ចាំងពីភាពរ៉ឹងមាំរបស់វិស័យធនាគារនៅកម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋកើនឡើងផងដែរ។
ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិម៉ី កល្យាណបានថ្លែងថា ការរីកចម្រើនក្នុងវិស័យធនាគារ ក៏ដូចជាក្នុងប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជាបាន និងកំពុងឆ្ពោះទៅកាន់ភាពកាន់តែទុកចិត្តបាន ហើយប្រព័ន្ឋនេះកាន់តែមានភាពរីកចម្រើន និងវិវត្តន៍ទៅមុខដោយវិជ្ជមាន ព្រោះបច្ចេកវិទ្យាបាននិងកំពុងជួយដល់វិស័យនេះ។
លោកបន្តថា ការមកដល់នៃធនាគារថ្មី បានផ្តល់ឲ្យវិស័យនេះមានភាពរីកចម្រើនទាំងធនធាន ទាំងបច្ចេកវិទ្យា និងមនុស្ស ព្រោះពេលធនាគារថ្មីៗមកដល់ ពួកគេនាំយកបច្ចេកវិទ្យាមក ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ដែលធ្វើឲ្យធនធានមនុស្សនៅក្នុងវិស័យនេះរីកចម្រើនថែមទៀត។
លោកបន្តថា “សុខភាពឥណទានមានភាពល្អប្រសើរ និងកំនើននៃឥណទានមិនកើនកំហុក និងឈានដល់ចំណុចគួរឲ្យបារម្ភនោះទេ”៕