ដោយគង់ សូរិយា
ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិតផលរបស់ពួកគេមិនសមស្របនឹងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា កាលពីឆ្នាំមុនផលិតផលម៉ាកល្បីៗចំនួន២៤បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះចំនួន៥បានចាកចេញទៅវិញ ដោយសារផលិតផលរបស់ពួកគេមិនស្របនឹងស្ថានភាព និងបរិបទកម្ពុជា។អ្នកនាងបន្តថា ការចូលមកដល់នៃផលិតផលល្បីៗនៅក្នុងទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញអំណាចនៃការទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនដោយរ៉ឹងមាំ។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាយើងមើលឃើញថា ផលិតផលដែលលក់ដាច់ច្រើនជាងគេ ជាលិតផលចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកំសាន្ត ដែលបំរើការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ”។អ្នកនាងបន្តថា “ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅកម្ពុជាបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានទំហំធំជាងប្រទេសវៀតណាម ប៉ុន្តែតូចជាងប្រទេសថៃនៅឡើយ”។
អ្នកនាងអាន សុធីតាបានបន្តថា កំនើននៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំនេះ ពិតជាមានទំហំធំ ដែលគិតពីដើមរហូតមកទល់ពេលនេះ ទំហំផ្សារទំនើបកើនជាង៤០ម៉ឺនម៉ែត្រការ៉េហើយ ស្របពេលទំហំនៃការផ្គត់ផ្គង់នៃឆ្នាំនេះកើនខ្ពស់ ហើយបើការផ្គត់ផ្គង់ហក់ឡើងខ្ពស់បន្ថែមទៀត ទំហំនៃការផ្គត់ផ្គង់អាចមានបញ្ហា។
អគ្គនាយកក្រុមហ៊ុន World Bridge Land Group លោកឧកញ៉ាសៀ រិទ្ឋីបានមានប្រសាសន៍ថា ផលិតផលល្បីៗមិនទាន់សមស្របនឹងទីផ្សារកម្ពុជានៅឡើយទេ វាត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ព្រោះអ្នកមានក្នុងស្រុកទោះបីពួកគេដឹងថាផលិតនោះជាផលិតផលសុទ្ឋ១០០ភាគរយក៏ដោយ ក៏ពួកគេមិនទិញក្នុងស្រុកដែរ ពួកគេនៅតែហោះទៅទិញទំនិញនៅបរទេស។លោកបន្តថា និន្នាការបែបនេះមិនមែនកើតមានតែនៅកម្ពុជាទេ តែនៅប្រទេសវៀតណាមក៏មានសភាពបែបនេះ ព្រោះអ្នកមានធនធាននៅវៀតណាមនៅតែពេញនិយមទិញទំនិញនៅបរទេសផងដែរ។
លោកបន្តថា “ទោះជាយ៉ាងណាផលិតផលម៉ាកប្រេនដ៏ៗទាំងនោះ ពួកគេចូលមកដោយមិនព្រួយបារម្ភនោះទេ ព្រោះអ្វីសំខាន់គឺការពង្រីកម៉ាក និងទីផ្សារផលិតផលរបស់ពួកគេ”៕