ដោយ : ដែន ចែងចាំង
ភ្នំពេញ : ស្របពេលការវិនិយោគលើបណ្តាញថាមពលអគ្គិសនីកើនឡើង ការអភិវឌ្ឍវិស័យអគ្គិសនី នៅខេត្តកណ្តាលទាំងវិស័យរដ្ឋ និងវិស័យឯកជនបានគ្រប់ដណ្តប់លើភូមិចំនួន១០១០ភូមិ ស្មើនឹងប្រមាណ៩៩ភាគរយ នៃភូមិទូទំាងខេត្តកណ្តាល។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល លោក យិន រដ្ឋា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នេះថា ការអភិវឌ្ឍគោលនយោបាយវិស័យអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីមានស្ថិរភាព គុណភាព សុវត្ថិភាព នឹងមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ហើយមានតម្លៃទាប និងគោរពឲ្យបាននូវផលប៉ះពាល់បរិស្ថាន។ បច្ចុប្បន្នវិស័យនេះ គឺជាវិស័យមួយជោគជ័យរបស់រដ្ឋាភិបាល កម្ពុជា ក្នុងការជម្រុញឲ្យប្រជាពលរដ្ឋទទួលបានអគ្គិសនីប្រើប្រាស់។
លោកបន្តថា ចក្ខុវិស័យនៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តោតយកចិត្តទុកដាក់ លើការកែលម្អការផ្គត់ផ្គង់អគ្គិសនី រដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាលើកកម្ពស់សមធម៌ ក្នុងការទទួលសេវាផ្គត់ផ្គង់អគ្គិសនី របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដោយជំរុញតំបន់ទាំងនោះឲ្យមានអគ្គិសនីប្រើប្រាស់ និងមានតម្លៃប្រហាក់ប្រហែលទីក្រុង។ ជាក់ស្តែងខេត្តកណ្តាល បានជម្រុញការអភិវឌ្ឍន៍អគ្គិសនីដែលបានចែកចាយដល់៩៩% នៃភូមិទាំងអស់នៅទូទំាងខេត្ត និងបានបញ្ចុះថ្លៃអគ្គិសនី៧៧០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង មកនៅត្រឹម៦១០រៀល ក្នុងមួយគីឡូវ៉ាត់វិញ។
ការអភិវឌ្ឍវិស័យអគ្គិសនី គិតមកដល់ឆ្នាំ២០១៨នេះ កម្ពុជាមានខ្សែបញ្ជូនសម្រាប់ការផ្គត់ផ្គង់គ្របដណ្តប់៨២ភាគរយ នៃភូមិនៅទូទាំងប្រទេស និងគ្របដណ្តប់ខ្នងផ្ទះប្រជាជនបានចំនួនជិត៧០ភាគរយ៕