ដោយ: សុផារី
មណ្ឌលគីរី៖ អ្នកវិនិយោគបរទេសកំពុងចំណាប់អារម្មណ៍មកស្វែងរកឱកាសវិនិយោគនៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី ដោយសារខេត្តនេះមានសម្រស់ធម្មជាតិស្រស់ស្អាត និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងពីសក្តានុពលនៃខេត្តមណ្ឌលគិរីថា ខេត្តមណ្ឌលគិរីគឺជាកន្លែងសម្រាកលំហែកាយដល់នៅអាកាសធាតុដែលល្អបរិសុទ្ធ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ក្នុងយន្តការពីរសំខាន់ គឺ យន្តការការអភិវឌ្ឍន៍ខ្លួនឯងនៅក្នុងថ្នាក់ខេត្ត និង យន្តការអភិវឌ្ឍដោយរាជរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា តាមរយៈការសិក្សាចំនួនបន្ទប់ក្នុងខេត្តមណ្ឌលគិរីមានការសាងសង់ប្រហែល១,៥០០បន្ទប់ ដែលភាគច្រើនក្នុងចំណោមចំនួនខាងលើត្រូវបានកក់ជារៀងរាល់សៅរ៍អាទិត្យដោយពុំមានចន្លោះនៅទំនេរឡើយ។
លោកច្រឹក សុខនីម ក៏បានអះអាងពីសុទិដ្ឋិនិយមរបស់អ្នកវិនិយោគិនក្នុងតំបន់អាស៊ានដែលមានគោលបំណងចង់មកសិក្សាដោយផ្ទាល់ឬប្រយោលនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងភូមិភាគឥសាន្ត ពួកគាត់ក៏អាចសម្លឹងមើលឱកាសនៃការវិនិយោគផងដែរ។
អ្នកជំនាញអចលនទ្រព្យរូបនេះបានណែនាំថា “វិនិយោគិនអាចចាប់ផ្ដើមបន្តិចម្ដងៗ ហើយនៅក្នុងពេលអនាគត វិនិយោគទៅលើវិស័យដីធ្លីនឹងទទួលបានប្រាក់ចំណេញខ្ពស់។” លោកបន្តថា “យើងទិញដីនៅក្នុងពេលឥឡូវនេះ ធូរថ្លៃ ១០ទៅ១៥ ឆ្នាំក្រោយគោលនយោបាយនៃយន្តការអភិវឌ្ឍទេសចរណ៍មកដល់ ដូច្នេះគាត់ចំណេញទាំងនេះអចលនទ្រព្យ៕”
តំណាងគម្រោងមណ្ឌលដួងចិត្ត Eco Resort &Villas លោក អុិន ស៊ីថា បានមានប្រសាសន៍លើកឡើងពីសក្តានុពលរបស់ខេត្តមណ្ឌលគីរីថា “យើងមើលឃើញនូវសក្កានុពលទេសចរណ៍ ដែលបច្ចុប្បន្ននេះទេសចរណ៍ថ្នាក់ជាតិតែងតែមានលំហូរពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនមកភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី។”
លោកបានបញ្ជាក់ពីការអភិវឌ្ឍនូវបណ្ដាញផ្លូវថ្នល់ ដែលសម្រួលនិងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរពីរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងមកកាន់ខេត្តមណ្ឌលគិរី ហើយគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគិរីមានលក្ខណៈជាការអភិវឌ្ឍដោយវិនិយោគិនហើយជួលបន្តដូចជាផ្ទះសំណាក់ សណ្ឋាគារឬ បូទិចអូតែល។
លោកបានមានប្រសាសន៍ថា “ទៅថ្ងៃខាងមុខខ្ញុំជឿជាក់ថាមានក្រុមហ៊ុនវិនិយោគអាចថាជាតិ អន្តរជាតិជាច្រើននឹងមកបោះទុនវិនិយោគនៅភូមិភាគឦសាននេះ”៕