អ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញនូវសុទិដ្ឋិនិយមនិងរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញខ្លាំងឆាប់ៗនេះ

0

ដោយៈសុផារី

ភ្នំពេញៈ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ក្នុងនាមជាវិស័យឯកជន និងវិនិយោគិនក្នុងវិស័យសំណង់ និងអចលនទ្រព្យ លោកបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការបើកប្រទេសឡើងវិញ ដោយរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញខ្លាំង ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងយ៉ាងនេះក្នុងសុន្ទរកថាបើកកម្មវិធី ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ ដែលរៀបចំឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា ឬ CCA តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ នេះហើយ ដោយនឹងធ្វើរហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

ពិព័រណ៍សំណង់នេះ ជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការឌីជីថលនីយកម្ម ឆ្លើយតប និងបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅលើប្រព័ន្ធអនឡាញនេះ កម្មវិធីបាន និងកំពុងតាំងបង្ហាញផលិតផលរាប់ពាន់ប្រភេទ ពីស្តង់និម្មិតរាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសលើគ្រប់វិស័យពាក់ព័ន្ធដូចជា សម្ភារៈ និងគ្រឿងចក្រសំណង់ អ្នកម៉ៅការ ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ ស្ថាប័នធានារ៉ាប់រង និងហិរញ្ញវត្ថុ និងផ្សេងៗទៀត។

អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងក្នុងសុន្ទរកថា បើកកម្មវិធីថា ការតាំងពិព័រណ៌និម្មិតនេះ គឺជាលើកទីមួយ និងជារបកគំហើញផ្នែកព័ត៌មានវិទ្យាថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយអ្នកឧកញ៉ាករំពឹងថា នឹងទទួលបាននូវលទ្ធផលវិជ្ជមាន ពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។ នេះសបញ្ជាក់ថា ខ្មែរក៏អាចធ្វើបានដែរ។

អ្នកឧកញ៉ាពុង ឃាវសែ បញ្ជាក់ថា “ជាមួយនឹងគេហទំព័រដែលថ្មី កុ្រមហ៊ុនអ្នកតាំងពិព័រណ៍ទាំងអស់ អាចដាក់តាំងបង្ហាញផលិតផល រាប់ពាន់មុខរបស់ពួកគេយ៉ាងរលូន ស្រដៀងគ្នានឹងស្តង់ពិតៗដូច្នោះដែរ។ ទន្ទឹមនឹងនេះ អ្នកទស្សនាក៏អាចជ្រើសរើស ចុចចូលទៅមើលស្ដង់ណាមួយក៏បាន គ្រប់ពេលវេលា ពីគ្រប់ទីកន្លែង”។

អ្នកឧកញ៉ាបានបន្ដ នេះគឺជាការចំណេញថវិកាមួយផ្នែកធំ ទាំងសម្រាប់អ្នកតាំងពិព័រណ៍ និងអ្នកទស្សនា។ ហើយសំខាន់ជាងនេះទៅទៀត គឺមានសុវត្ថិភាពខ្ពស់ ដោយមិនបារម្ភពីការឆ្លងកូវីដ១៩ ឡើយ។ ដូច្នេះ សូមគ្រប់គ្នាមកទស្សនាពិព័រណ៍ដោយឥតគិតថ្លៃទាំងអស់គ្នា។

អ្នកឧកញ៉ាបានបន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយដល់ក្រុមហ៊ុននានា ឱ្យអាចដាក់តាំងបង្ហាញ ផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយស្រោចស្រង់ និងស្ដារវិស័យសំណង់ និងសេដ្ឋកិច្ចជារួមផងដែរ ព្រោះវាបានផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុត ដែលមាននៅក្នុងទីផ្សារសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here