រដ្ឋាភិបាលថៃគ្រោងចាក់បញ្ចូលសាច់ប្រាក់ ១ទ្រីលានបាតទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំ២០២២

0

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ នឹងចាក់បញ្ចូលសាច់ប្រាក់ រហូតដល់ទៅប្រមាណ១ទ្រីលានបាត (២៩,៥ពាន់លានដុល្លារអាមេរិក) ទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំ២០២២ ដើម្បីទប់ទ​ល់ស្ថានការណ៍ប្រែប្រួលណាមួយ ដែលអាចបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron)។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានថ្លែងបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ នៅខាងក្រៅវេទិកាអន្តរជាតិ នៃកាសែតបាងកកប៉ុស្តិ៍ ប្រចាំឆ្នាំ២០២១ (Bangkok Post International Forum 2021)។

លោកគូសបញ្ជាក់ថា សាច់ប្រាក់ប្រមាណ១៧,៧ពាន់លានដុល្លារអាមេរិក នឹងត្រូវដកចេញពីមូលនិធិវិនិយោគរបស់រដ្ឋ សម្រាប់ឆ្នាំសារពើពន្ធ២០២២។ ចំណែកឯទឹកប្រា​ក់ប្រមាណ៣០០ពាន់លានបាត (៨,៨៦ពាន់លានដុល្លារអាមេរិក) នឹងត្រូវដកចេញពីមូលនិធិវិនិយោគរបស់បណ្ដាសហគ្រាសរដ្ឋ។

លោកបានបន្ថែមទៀតថា រដ្ឋាភិបាលក៏មានសាច់ប្រាក់ ៧,៣៨ពាន់លានដុល្លារអាមេរិកផ្សេងទៀត ដែលសេសសល់ពីសាច់ប្រាក់៥០០ពាន់លានបាត (១៤,៧៥ពាន់លានដុល្លារអាមេរិក) ដែលខ្លួនបានខ្ចីដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចផងដែរ។

រដ្ឋមន្ត្រីរូបនេះលើកឡើងថា រដ្ឋាភិបាលថៃ កំពុងព្យាយាមរក្សាតុល្យភាព រវាងការរក្សាសេដ្ឋកិច្ចឱ្យដំណើរការ និងការចាត់វិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។

នៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក លោក Arkhom Termpittayapaisith បានគូសបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសថៃ កំពុងមានភាពប្រសើរឡើង ខណៈស្ថានភាពវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសនេះបន្តធូរស្រាល។

ទោះជាយ៉ាងណា លោកលើកឡើងថា ស្ថានភាពមិនប្រាកដប្រជានៅតែមាន បន្ទាប់ពីការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ហើយព្រមានថា ប្រទេសថៃ ត្រូវតែរក្សាសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។
លោកបន្ថែមថា រដ្ឋាភិបាលថៃ កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងដើម្បីត្រៀមខ្លួនសម្រាប់សម័យកាល ក្រោយចប់វិបត្តិកូវីដ-១៩៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here