ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៦,២លាននាក់ និងនៅឆ្នាំ២០២០ប្រមាណជាង៧លាននាក់ ហើយដល់ឆ្នាំ២០៣០ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់។
ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៍នេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ និងផ្កាយ៥ប្រមាណ៦០ភាគរយ ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណីតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើន ភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាននាក់ និងទេសចរជាតិប្រមាណ៣លាននាក់នៅឆ្នាំ២០៣០។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងបែបនេះដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍មកពីអគ្គនាយកដ្ឋានវិទ្យុភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” នាល្ងាចពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក ដោយបានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀត ប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនចិនព្រិន្ទស៍រៀលអ៊ីស្ទេត (ខេមបូឌា)គ្រុប ដែលបានធ្វើការវិនិយោគសណ្ឋាគារប្រណីត លំដាប់អន្តរជាតិមួយនេះ (ដែលមាន១៩២បន្ទប់) ដោយមានការគិតគូរយ៉ាងម៉ត់ចត់ដល់កិច្ចការពារបរិស្ថាន និងគម្រោងល្អៗដ៏ទៃទៀត របស់ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ ហើយលោកក៏បានកោតសរសើរដល់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត ដែលបានផ្តួចផ្តើមគំនិតការផលិតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” ដែលអាចជួយដល់ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
បច្ចុប្បន្ននេះកម្ពុជាមានសណ្ឋាគារប្រមាណ៨០០កន្លែង ស្មើនឹង៤៦ពាន់បន្ទប់ក្នុងនោះ សណ្ឋាគារប្រណិតមានប្រមាណជាង២ម៉ឺនបន្ទប់។ ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ៦៩កន្លែង ស្មើនឹងជាង៤ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារប្រណីតមានទើបមានប្រមាណជាង១០០០បន្ទប់៕