ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ JS Land Plc បានទទួលបានការអនុញ្ញាត ជាគោលការណ៍ពីក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈលើផ្សារមូលបត្រកម្ពុជា។
យោងតាមលទ្ឋផកនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើក ទី៧ នៃអាណត្តិទី១ កាលពីថ្ងៃទី ១៣ ធ្នូកន្លងមក ដែលបានដឹកនាំដោយ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍នេះ ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបន្ថែម ជាមួយនិយ័តករមូលបត្រកម្ពុជា មុននឹងអាចបន្តនីតិវិធីជាផ្លូវការ លើការបោះផ្សាយបាន។
ក្រុមហ៊ុន JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន មានមូល ដ្ឋាននៅរាជភ្នំពេញ បង្កើតឡើងក្នុងឆ្នាំ២០១៤ និងជាក្រុមហ៊ុននាំមុខគេមួយ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ។
សម្រាប់ផ្នែកសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន JS Land Plc គឺជាក្រុមហ៊ុនទី២ ដែលបានស្នើសុំចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៃផ្សារមូលបត្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន DBD Engineering Plc៕