ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាលក្នុងនាមជាអ្នកសម្របសម្រួល យើងធ្វើយ៉ាងណា ឱ្យវិស័យឯកជនទទួលបានជោគជ័យ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់យើងផងដែរ។
លោកបានមានប្រសាសន៍ ក្នុងពេលអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (American Chamber of Commerce in Cambodia) កាលពីថ្ងៃទី១៤ ធ្នូកន្លងមកថា ដូច្នេះសូមបន្តរួមគ្នា ដើម្បីជាប្រយោជន៍ដល់វិស័យឯកជន និងដើម្បីជាប្រយោជន៍ ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើន គួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដែលកើតចេញពីសុខសន្តិភាព និងការផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកចក្រកម្ពុជា និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន និងកំពុងអនុវត្តបន្តជាច្រើន។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានឋិត នៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់ផងដែរ អំពីតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួល ដល់ការធ្វើអាជីវកម្មនៃវិស័យឯកជននៅកម្ពុជា។
លោកបញ្ជាក់ទៀតថា “វិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា”៕