ដោយ សុខុម
ស៊ីដនី: ប្រទេសអូស្ត្រាលី និងអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (AFT) មួយក្នុងទំហំប្រមាណ១៣,៣ពាន់លានដុល្លារអាមេរិក ដោយលុបចោលពន្ធគយ បើកឱកាសថ្មីសម្រាប់វិស័យនានាដូចជាកសិកម្មជាដើម និងអនុញ្ញាតឱ្យអ្នកជំនាញក្នុងវិស័យសេវាកម្មអាចដើរហើរកាន់តែមានសេរីភាពជាងមុន។
យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ធ្នូ ឱ្យដឹងថា ការលុបចោលពន្ធគយលើស្រាអូស្ត្រាលី និងកូតាមិនយកពន្ធគយសម្រាប់សាច់គោនឹងជួយជួយបណ្ដាក្រុមហ៊ុននាំចេញដែលរងទណ្ឌកម្មក្នុងប្រទេសចិន ងាកទៅលក់នៅប្រទេសអង់គ្លេស។ ពន្ធគយលើរថយន្តអង់គ្លេស ស្រាវីស្គី នំផ្អែមដូចជាសូកូឡាជាដើម និងគ្រឿងសម្អាងនឹងត្រូវលុបចោលជាបណ្តើរៗនៅក្នុងប្រទេសអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Dan Tehan បានចេញសេចក្តីថ្លែងការណ៍ថា “នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានលក្ខណៈទូលំទូលាយបំផុត និងប្រកបដោយមហិច្ឆតាធំបំផុតដែលអូស្ត្រាលី សម្រេចបានក្រៅពីជាមួយប្រទេសនូវែលសេឡង់”។
ប្រទេសចិន ធ្លាប់តែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ប៉ុន្តែជម្លោះការទូតបាននាំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើផលិតផលកសិកម្មជាច្រើនរបស់អូស្ត្រាលី កាលពីឆ្នាំមុន។ ស្ថានភាពនេះបានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ក្រោមការដឹកនាំរបស់លោក Scott Morrison ជំរុញឱ្យបណ្ដាក្រុមហ៊ុននាំចេញកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។
លោក Scott Morrison ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស នេះនឹង “បង្កើតឱកាសថ្មីៗសម្រាប់កម្មករ យុវជន និងអាជីវកម្មនានា ព្រមទាំងពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំង២ផងដែរ”។
ពន្ធគយនឹងត្រូវបានលុបចោលលើទំនិញចំនួន៩៩%របស់អូស្ត្រាលី ដែលនាំចេញទៅកាន់ប្រទេសអង់គ្លេស ដែលមានតម្លៃប្រមាណ៦,៦០ពាន់លានដុល្លារអាមេរិក ជាមួយនឹងពន្ធ៣១លានដុល្លារអាមេរិក ដែលដកចេញពីស្រាអូស្ត្រាលី។
កូតាមិនគិតពន្ធដំបូងសម្រាប់សាច់គោអូស្ត្រាលី ចំនួន៣៥.០០០តោននឹងឈានទៅដល់ការលុបចោលពន្ធបន្ទាប់ពីរយៈពេល១០ឆ្នាំ។
ហើយទន្ទឹមនេះអាជីវកម្មនានារបស់អង់គ្លេស នឹងត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការវិនិយោគក្នុងប្រទេសអូស្ត្រាលី ហើយកម្មវិធីឈប់សម្រាកដើម្បីទៅធ្វើការនឹងត្រូវពង្រីកដើម្បីអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលី ដែលមានអាយុក្រោម៣៥ឆ្នាំមានឱកាសបានទៅធ្វើការនៅប្រទេសអង់គ្លេស រយៈពេល៣ឆ្នាំ៕ Aljazeera៕