ដោយគង់ សូរិយា
ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា បានប្រកាសសម្រេចដកហូតវិញ្ញាបនប័ត្រការចុះបញ្ជីគ្រឹះស្ថានឥណទានចំនួន២ និងគ្រឹះស្ថានឥណទានជនបទចំនួន២៤ផ្សេងទៀតមិនឲ្យធ្វើ ប្រតិបត្តិការជាគ្រឹះស្ថានឥណទានជនបទ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាស្តីពី ការបញ្ឈប់ប្រតិបត្តិការជាគ្រឹះស្ថានឥណទានជនបទចំនួន២៦ ដែលPropertyarea.asia ទើបទទួលបាន នាព្រឹកថ្ងៃទី៦ កញ្ញានេះបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានជម្រាបជូនដំណឹងជាសាធារណជន និងជម្រាបជូនគ្រប់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យបានជ្រាបជាព័ត៌មាន ដែលធនាគារជាតិនៃកម្ពុជាសម្រេចបញ្ឈប់ប្រតិបត្តិការ គ្រឹះស្ថានឥណទានជនបទចំនួន២៦ ដែលបានផ្តល់សេវានៅទូទាំងប្រទេសកន្លងមក។
គ្រឹះស្ថានដែលត្រូវបញ្ឈប់ទាំងនោះ រួមមាន អេស ជី ហ្វា ហ្វាយនែន ភីអិលភី, ឥណទានវីសា ភីអិលភី, សមាគមផ្តើមគំនិតពាណិជ្ជកម្ម, អង្គការឥណទានលុបបំបាត់ភាពក្រីក្រ, សមាគមអភិវឌ្ឍន៍ភូមិ, អង្គការលោកគ្រូ, ស៊ីអិចអេហ្វឌី ហ្វាយនែន ភីអិលភី, ឥណទាន មរតក ភីអិលភី, អនន្ត ហ្វាយនែន ភីអិលភី, ចម្រើនភោគផល ហ្វាយនែន ម.ក, ជប ម.ក, ធនាគារហិរញ្ញវត្ថុប្រជាជន ម.ក, ព្រាបស ហ្វាយនែន ម.ក, ស៊ី ស៊ី អូ ហ្វាយនែន ម.ក, ស្រូវទុំ ខេមបូឌា ហ្វាយនែន ម.ក, សម្បត្តិឥណទាន អភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ, ហ្វីសកូ ម.ក, អូ ស៊ី ហ្វាយនែន ភីអិលភី, គ្រួសារខ្មែរ ហ្វាយនែន ភីអិលភី, សុភមង្គលសេដ្ឋកិច្ចគ្រួសារ ម.ក, ទិត្យវឌ្ឍនា ហ្វាយនែន ម.ក, វាសនា ហិរញ្ញវត្ថុ ម.ក, ណាយស៍ ហ្វាយនែន ម.ក, ធី អេច អេ អេហ្វ ម.ក, អង្គការបង្អែកជីវភាពសមាគម (បង្អែក) និង គ្រឹះស្ថាន អេស អិល អឹម អេច ម.ក។
ការបញ្ឈប់គ្រឹះស្ថានទាំង២៦នេះ ធនាគារជាតិនៃកម្ពុជាសម្រេចដកហូតវិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីគ្រឹះស្ថានឥណទានជនបទ ដែលបានធ្វើប្រតិបត្តិការឥណទានជនបទចំនួន២ និងអនុញ្ញាតិឲ្យគ្រឹះស្ថានឥណទានជនបទចំនួន២៤ផ្សេងទៀត ត្រូវបញ្ឈប់ជាប្រតិបត្តិការជាគ្រឹះស្ថានឥណទាន ទៅតាមការស្នើសុំរបស់គ្រឹះស្ថានទាំងនោះ។
ធនាគារជាតិនៃកម្ពុជាធ្លាប់បានព្រមានម្តងហើយម្តងទៀត ទាក់ទងនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ដែលដើរតួនាទីខុសនឹងអ្វីដែលជាយន្តការរបស់ធនាគារជាតិនៃកម្ពុជា៕