ដោយៈម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០២២ការនាំចេញរបស់កម្ពុជានឹងមានកំនើនកាន់តែល្អប្រសើរ ដែលនឹងជួយជម្រុញ កំនើនសេដ្ឋកិច្ចជាតិកាន់តែកើនឡើង។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ធ្នូកន្លងមកថា ការនាំចេញរបស់កម្ពុជានៅឆ្នាំនេះ ទាំងផលិតផលក្នុងវិស័យឧស្សាហកម្ម វាយណភ័ណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ ពិសេសផលិតផលកសិកម្ម មានការកើនឡើងខ្ពស់ ទោះបីជាយើងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩នាពេលកន្លងមកក្តី។
លោកបន្តថា “នៅដើមឆ្នាំ២០២២ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននឹងចូលជាធរមាន ដែលនឹងជួយជម្រុញកំនើនាសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត”។ លោកបន្តថា “ការដាក់ឲ្យដំណើរការច្បាប់វិនិយោគថ្មី ក៏នឹងផ្តល់កាលានុវត្តន៍ភាព ដល់កម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញលំហូរទុនវិនិយោគបន្ថែមទៀត។
លោកឧកញ៉ាលឹម ហេង បានបន្តទៀតថា ការប្រកាសបញ្ចប់ព្រឹត្តិការ ណ៍២០ កុម្ភៈរបស់សម្តេចតេជោកាលពីថ្ងៃទី២០ ធ្នូកន្លងមក ក៏ជាព្រឹត្តិការ ណ៍សំខាន់មួយទៀតសំរាប់កម្ពុជា ប៉ុន្តែអ្វីកាន់តែសំខាន់គឺសម្តេចតេជោបានប្រកាសបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចតាំងពីខែវិច្ឆិកាកន្លងមក គឺកាន់តែសំខាន់ ដែលរហូតមកទល់ពេលនេះ យើងឃើញសកម្មភាពអាជីវកម្មនានាមានសភាពរសរវើកឡើងវិញ។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានមានប្រសាសន៍៍ឲ្យដឹងផងដែរថា កំលាំងចលករស្នូលដែលជួយ ជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមមានសញ្ញាល្អប្រសើរទាំងទំហំនៃការនាំចេញ ដោយសារការរីកចម្រើន នៃវិស័យឧស្សាហកម្ម កសិកម្ម និងផលិតផលជាច្រើនទៀត។
ចំណែកវិស័យកសិកម្មក៏មានភាពរីកចម្រើន វិស័យសំណង់ ក៏នៅតែអាចឈរជើងបានយ៉ាងរ៉ឹងមាំ ប៉ុន្តែប្រសិនជាវិស័យទេសចរណ៍ងើបឡើងវិញល្អប្រសើរ សេដ្ឋកិច្ចកម្ពុជានឹងឈានទៅមុខមួយកម្រិតទៀត៕