ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងធ្វើសេចក្តីព្រាងអនុក្រិត ដើម្បីផ្តល់សិទ្ឋអំណាចកាន់តែធំជាងមុន ដល់អនុគណៈកម្មការវិនិយោគថ្នាក់រាជធានី ខេត្តមានអំណាចកាន់តែធំជាងមុន ដើម្បីអនុម័តគំរោងវិនិយោគនានា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២០ ធ្នូថា យោងតាមច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដាក់ឲ្យអនុវត្តន៍គឺរដ្ឋាភិបាលបានផ្តល់សិទ្ឋអំណាចធំជាងមុន ដល់គណកម្មការវិនិយោគតាមបណ្តារាជធានី ខេត្តអាចអនុម័តគំរោងវិនិយោគ មានទឹកប្រាក់ទំហំ៥លានដុល្លារអាមេរិកចុះ ខណៈច្បាប់ចាស់អនុញ្ញាត្តឲ្យអនុម័តតែគំរោងវិនិយោគ មានទំហំទឹកប្រាក់ត្រឹម២លានដុល្លារចុះប៉ុណ្ណោះ។
លោកបន្តថា “ការផ្តល់សិទ្ឋអំណាចធំជាងមុននេះ នឹងជួយសម្រួលដល់ខេត្តអាចអនុម័តរោងចក្រ សហគ្រាសនានាដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត កាន់តែមានភាពងាយស្រួល”។ លោកបន្តថា “វាក៏ជាការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ”។
លោកឧកញ៉ាលឹម ហេងបានបន្តថា តាមរយៈយន្តការទ្វេរភាគីរវាងរដ្ឋាភិបាល និងវិស័យឯកជន បាននិងកំពុងលើកទឹកចិត្ត ដល់ផ្នែកឯកជនជាច្រើន ដើម្បីចូលរួមដោះស្រាយបបញ្ហាជាមួយរដ្ឋាភិបាល និងលើកសំណើរទៅរដ្ឋាភិបាលជួយដោះស្រាយ ប៉ុន្តែជំហ៊ានដំបូងធ្វើឡើងរវាងក្រសួងសាម៉ី ពាក់ព័ន្ឋជាមុន ហើយប្រសិនជាបញ្ហាមិនអាចដោះស្រាយបាន ទើបក្រុមការងារដាក់សំណើរសុំការជួយសម្របសម្រួល ដោះស្រាយពីប្រមុខរដ្ឋាភិបាល។
លោកបន្តថា “ការធ្វើបែបនេះបានជួយសម្រួលច្រើន ដល់ការកាត់បន្ថយការិយាធិបតេយ្យ និងធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង”៕