ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ថ្កែងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនា និងកែលំអរផ្លួវជាតិលេខ៤៨នៅថ្ងៃទី៣ មករា ឆ្នាំ២០២២ខាងមុខនេះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសារធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២០ ធ្នូកន្លងមកថា សម្តេចតេជោ បានដាក់កាលវិភាគរួចហើយ ដោយជ្រើសរើសយកថ្ងៃទី៣ មករា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីស្ថាបនាផ្លូវជាតិបំបែកពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
លោកបន្តថា “ផ្លូវជាតិលេខ៤៨ នឹងត្រូវពង្រីកជាបួនគន្លងប្រវែង២០គីឡូម៉ែត្រ ក្នុងចំងាយផ្លូវប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយសារមានការលំបាកផ្នែកថវិកា”។ លោកបន្តថា “គំរោងនេះស្ថិតក្រោមហិរញ្ញប្បទានសហប្រតិបត្តិការនៃសាធារណៈរដ្ឋកូរ៉េ”។
លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ការពង្រីកផ្លូវនេះនឹងមានការចិតភ្នំបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ព្រោះកន្លងមកក្រុមហ៊ុនថៃបានចិតភ្នំបានមួយចំនួនហើយ ប៉ុន្តែការកែលំអរ និងសាងសង់ផ្លូវឡើងវិញនេះ នឹងមានការចិត្តភ្នំបន្ថែមទៀត។
លោកបន្តថា ផ្លួវជាតិលេខ៤៨ ជាផ្លូវដ៏ស្អាតមួយ ដែលពុះកាត់កំពូលភ្នំដំរី ដែលបានធ្វើឲ្យទេសភាពស្ថិតនៅតាមបណ្តោយផ្លូវនេះ មានសភាពស្រស់ស្អាត មិនចាញ់ផ្លួវទៅកាន់ខេត្តមណ្ឌលគិរីនោះទេ ប៉ុន្តែទិដ្ឋភាពផ្លូវនេះមានសមុទ្រ ដែលមើលឃើញមានសភាពល្វឹងល្វើយ និងសមុទ្រឈើដ៏ស្រស់ស្អាត៕