ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ឧបករណ៍និស្សន្ទន៍ (Forex) ជាពាក្យថ្មីមួយទៀត ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ហេតុនេះការស្វែងយល់ពីអត្ថន័យនៃពាក្យនេះ មានសារៈសំខាន់ណា ស់មុនធ្វើការសម្រេចចិត្តជួញដូរ។
តើឧបករណ៍និស្សន្ទន៍មានន័យដូចម្តេច លោក ស៊ូ សុជាតិ អគ្គនាយកនៃគណកម្មការមូលបត្រកម្ពុជា ដែលជាស្ថាប័នមួយគ្រប់គ្រងការជួញដូរឧបករណ៍ និស្សន្ទន៍បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការជួញដូរឧបករណ៍និស្សន្ទន៍ សំដៅដល់ការជួញដូរមាស ប្រាក់ រូបិយប័ណ្ណអន្តរជាតិ និងប្រទេសមួយចំនួនមានការជួញដូរប្រេងផងដែរ ប៉ុន្តែនៅកម្ពុជាមានការជួញដូរតែ មាស ប្រាក់ និងរូបិយប័ណ្ណអន្តរជាតិប៉ុណ្ណោះ។
លោកបន្តថា “ការជួញដូរឧបករណ៍ទាំងនេះ មានហានិភ័យខ្ពស់ និងមិនមានហានិភ័យច្រើននោះទេ ប្រសិនជាអ្នកជួញដូរបានយល់ច្បាស់និងសម្រេចចិត្តត្រឹមត្រួវ ប៉ុន្តែក្នុងការធ្វើជំនួញអ្វីក៏ដោយ ក៏មានហានិភ័យដែរ”។
ហេតុអ្វីមានហានិភ័យខ្ពស់
បើតាមលោកស៊ូ សុជាតិការជួញដូរឧបករណ៍និស្សន្ទន៍ ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ ដោយសារហាងឆេងមាស ប្រាក់ និងរូបិយប័ណ្ណអន្តរជាតិមានការផ្លាស់ប្តូរលឿនពីទីផ្សារសាកល ហេតុនេះទើបគណកម្មការមូលបត្រកម្ពុជា បានផ្តល់សិទ្ឋធ្វើអាជីវកម្មដល់ក្រុមហ៊ុនចំនួន៤ប៉ុណ្ណោះ។
លោកបន្តថា ដោយសារហាងឆេងឧបករណ៍និស្សន្ទន៍ទាំងនេះ ប្រែប្រួលលឿនពេក ទើបគណកម្មការមួលបត្រកម្ពុជា មិនអនុញ្ញាត្តឲ្យក្រុមហ៊ុនដើរតួនាទីជំនួសអ្នកវិនិយោគ នៅក្នុងការសម្រេចចិត្តទិញឬលក់ផលិតផល ដែលពួកគេទិញនោះឡើយ។
ករណីមិនមានហានិភ័យ
ដោយសារការជួញដូរឧបករណ៍និស្សន្ទន៍នេះ មានហានិភ័យខ្ពស់បែបនេះហើយ ទើបគណកម្មការមូលបត្រកម្ពុជា បានតម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាកម្មជួញដូរ ឬវិនិយោគលើវិស័យនេះ បណ្តុះបណ្តាលអតិថិជនរបស់ខ្លួនឲ្យយល់ច្បាស់ពី ការជួញដូរឧបករណ៍និស្សន្ទន៍នេះជាមុនសិន មុនពេលឲ្យពួកគេសម្រេចចិត្តវិនិយោគឬអត់។
លោកស៊ូ សុជាតិបានពន្យល់ថា អ្នកជួញដូរឬវិនិយោគលើឧបករណ៍និស្សន្ទន៍ មិនត្រូវពឹងផ្អែកលើក្រុមហ៊ុន ដែលខ្លួនបានវិនិយោគជាមួយធ្វើការសម្រេចចិត្តជំនួសឡើយ ប៉ុន្តែត្រូវធ្វើការជាអ្នកសម្រេចចិត្តដោយខ្លួនឯង ហើយអ្នកវិនិយោគក្នុងវិស័យនេះ ត្រូវមានពេលវេលាជាមួយនឹងការងារនេះ ព្រោះការតាមដានមើលការវិវត្តន៍នៃតម្លៃឧបករណ៍និស្សន្ទន៍ទាំងនេះ ធ្វើឡើងតាមប្រព័ន្ឋអនឡាញ ហេតុនេះការតាមដានជាប់ជាប្រចាំ នូវការផ្លាស់ប្តូរហាងឆេងឧបករណ៍ដែលខ្លួនជួញដូរមានសារៈសំខាន់ណាស់ ដើម្បីអាចសម្រេចចិត្តលក់ឬរក្សាទុកនូវការវិនិយោគរបស់ខ្លួន ពេលហាងឆេងមាស ប្រាក់ ឬរូបិយប័ណ្ណអន្តរជាតិឡើងឬចុះថ្លៃដោយហានិភ័យពីទីផ្សារសាកលណាមួយ៕