ឧកញ៉ានួន រិទ្ធី៖បង្ហើបពីវិធីសាស្រ្តទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រឡូកក្នុងវិស័យអចលនទ្រព្យអស់រយៈពេល១២ឆ្នាំ លោកឧកញ៉ានួន រិទ្ធី ទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ខ្លួន ដោយសារលោកធ្វើការ​ប្រកប ដោយឆន្ទៈ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តដល់អតិថិជន។

លោកឧកញ៉ានួន រិទ្ធីជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA)ជាក្រុមហ៊ុនផ្តល់សេវាកម្មសិក្សាគំរោងប្លង់ ឌីសាញ ការសិក្សាពីគំរោងនៃការវិនិយោគ សាងសង់ ផ្តល់ជាទីប្រឹក្សានិងដៃគូវិនិយោគ ព្រមទាំងផ្តល់សេវាកម្ម​ទិញលក់ជួលអចលវត្ថុផងដែរ។

ចាប់ផ្តើមការងារពីបុគ្គលិកធម្មតាមួយរូប ក្នុងក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ  លោកឧកញ៉ាបានទទួលការដំឡើងដំណែងយ៉ាងលឿន នៅក្នុងក្រុមហ៊ុននោះ ដោយសារទេពកោសល្យរបស់លោក ហើយបន្ទាប់មកលោកទទួលបានជោគ ជ័យយ៉ាងឆាប់រហ័សទាំងកេរ្ត៍ឈ្មោះ និងធនធាន។

តើកត្តាអ្វីខ្លះដែលធ្វើឲ្យលោកឧកញ៉ាទទួលបានជោគជ័យ លោកឧកញ៉ាបាន​មានប្រសាសន៍ថា ដោយសារលោកមើលឃើញអាជីពនេះ ជាអាជីពមិនសូវប្រើប្រា​ស់ដើមទុនច្រើន និងជាអាជីពដែលទាមទារត្រឹមភាពប៉ិនប្រសព្វ ឧស្សាហ៍ព្យាយាម​ និងអាចធ្វើអ្វីឲ្យគេមានទំនុកចិត្ត ទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ ព្រោះវិស័យនេះជាបណ្តុំព៌តមាន និងបណ្តុំលុយ តាមរយៈការផ្តល់សេវាកម្មលក់ផ្ទះ លក់ដី សេវាកម្មទិញ លក់ ជួល និងចំណេញប្រាក់ងាយស្រួល។

លោកបន្តថា “ចង់ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន យើងត្រូវចេះដាក់ខ្លួនឲ្យគេប្រើប្រាស់ ធ្វើការងារដោយម៉ត់ចត់ ប្រុងប្រយ័ត្ន និងធ្វើឲ្យ​អស់លទ្ឋភាពជាមួយភាពស្មោះត្រង់។ ជោគជ័យឬមិនជោគជ័យ យើងត្រូវមានហេតុផលសមរម្យឲ្យគេទទួលយកបាន ក្នុងនាមជាអ្នកផ្តល់សេវាកម្មឲ្យគេ”។លោកបន្តថា “ធ្វើការងារក្នុងវិស័យនេះ គឺធ្វើការជាមួយអ្នកមានលុយច្រើន ដូច្នេះយើងត្រូវនាំ​លាភ និងស្នាមញញឹមដល់ពួកគាត់ មិនប្រកាន់ខ្លួន មិនប្រកាន់ការងារនិងត្រូវឆ្លាតវៃ និងមិនត្រូវធ្វើអ្វីឆិនឆៃ ធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តឡើយ”។

ការបង្កើតក្រុមហ៊ុនជារឿងងាយស្រួលមួយ ប៉ុន្តែដើម្បីឲ្យក្រុមហ៊ុនទទួល​បាន​ជោគជ័យដោយនិរន្តរភាព មិនមែនជារឿងសាមញ្ញនោះទេ តើលោកឧកញ៉ាមានយុទ្ឋសាស្រ្តអ្វីដើម្បី រក្សាភាពជោគជ័យប្រកបដោយនិរន្តរភាព លោកឧកញ៉ានួន រិទ្ធីបានថ្លែងថា ការ​ងាររកស៊ីធំបំផុត គឺត្រូវមានបណ្តាញ ដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួន​ដូចជា ទី១ ត្រូវកសាងមិត្ត ប៉ុន្តែដើម្បីកសាងមិត្តបានល្អ ត្រូវមានភាពរ៉ឹងមាំក្នុងគ្រួ​សារជាមុនសិន ទី២ ក្នុងបរិយាកាសការងារ យើងត្រូវដើរតួនាទីជាអ្នកសម្របសម្រួ​ល និងធ្វើជាផ្នែកមួយនៃការងាររបស់ដៃគូ ទី៣ ព្យាយាមស្គាល់អ្នកខាងក្រៅពីតូចទៅធំ ដូចជាទឹកហូរហូរពីខ្ពស់មកទាប តែមនុស្សត្រូវធ្វើពីតូចទៅធំ ទី៤ ពេលមានឳកាសផ្តល់សេវាកម្មដល់អតិថិជន យើងត្រូវផ្តល់សេវាកម្មប្រកបដោ​យភាពស្មោះត្រង់ ធ្វើខ្លួនឲ្យគេចូលចិត្ត បើយើងមិនអាចធ្វើបែបនេះបានទេ យើងមិន​ងាយចាប់ការងារបាននោះទេ និងទី៥ ត្រូវមានចិត្តបើកទូលាយ ព្រោះជោគជ័យនឹង​ប្រយោជន៍ បែកក៏ដោយសារផលប្រយោជន៍។

ជាមួយនឹងសម្តីមួយៗ ប្រកបដោយទំនុកចិត្ត និងមានភាពម៉ឺនម៉ាត់លោកឧកញ៉ានួន រិទ្ធីបានបន្តថា “ការរក្សាជោគជ័យ និងថែរទាំជំនួញជាការពិបាក និងក៏ងាយបរាជ័យផងដែរ ហេតុនេះយើងត្រូវប្រកាន់នូវពាក្យបី គឺឆ្អែតរក្សាឃ្លាន មានរក្សាខ្សត់និងខ្ពស់រក្សាទាប”។ លោកបន្តថា “ពេលយើងមានបានហើយកុំភ្លេច ប្រភពថា យើងមកពីណា កុំភ្លេចសារជាតិ និងត្រូវចេះចែករំលែកតាមធនធានរបស់​យើងមាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here