ផលទុនសរុបនៃសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងលើស១០០ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២

0

ដោយៈសុខុម

ក្រុងឡុងដ៍: ផលទុននៃសេដ្ឋកិច្ចរបស់ពិភពលោក នឹងកើនលើសពី១០០ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងនៅឆ្នាំ២០២២ ហើយមហាយក្សចិន នឹងចំណាយពេលយូរជាងព្យាករមុនបន្តិច ទម្រាំវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតទី១។ នេះបើយោងតាមរបាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសេដ្ឋកិច្ច និងធុរកិច្ច (Centre for Economics and Business Research (CEBR)) របស់អង់គ្លេស បានព្យាករថា ប្រទេសចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោកនៅឆ្នាំ២០៣០ គឺយឺតជាង២ឆ្នាំបើធៀបនឹងរបាយការណ៍ព្យាករណ៍របស់ស្ថាប័ន World Economic League Table កាលពីឆ្នាំ២០២០។

មជ្ឈមណ្ឌល CEBR បាននិយាយថា ប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាសេដ្ឋកិច្ចធំបំផុតទី៦ របស់ពិភពលោក ទំនងជានឹងវ៉ាដាច់ប្រទេសបារាំង នៅឆ្នាំក្រោយ ហើយបន្ទាប់មកនឹងវ៉ាដាច់ប្រទេសអង់គ្លេស នៅឆ្នាំ២០២៣​ខាងមុខ។
លោក Douglas McWilliams អនុប្រធានមជ្ឈមណ្ឌល CEBR បានលើកឡើងថា “បញ្ហាសំខាន់សម្រាប់ទសវត្សរ៍ឆ្នាំ២០២០ គឺថាតើបណ្ដាសេដ្ឋកិច្ចពិភពរបស់ពិភពលោក ត្រូវរកវិធីបែបណាដើម្បីទប់ទល់នឹងអតិផរណា ដែលពេលនេះបានឈានដល់៦,៨%នៅក្នុងសហរដ្ឋអាមេរិក”។

ទន្ទឹមនេះលោកបានបន្ថែមទៀតថា “ប្រសិនបើទប់ទល់អតិផរណាមិនបានទេ ពិភពលោកនឹងត្រូវត្រៀមខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ឬ ឆ្នាំ២០២៤”។

របាយការណ៍ដដែលបង្ហាញថា ប្រទេសអាល្លឺម៉ង់ នឹងវ៉ាដាច់ប្រទេសជប៉ុន ក្នុងលក្ខខណ្ឌទិន្នផលសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ ប្រទេសរុស្ស៊ី អាចនឹងជាប់ ក្នុងចំណោមសេដ្ឋកិច្ចកំពូលទាំង១០នៅឆ្នាំ២០៣៦ ហើយប្រទេ​សឥណ្ឌូណេស៊ី នឹងជាប់ចំណាត់ថ្នាក់លេខ៩ នៅឆ្នាំ២០៣៤៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here