ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសេចសេចក្តីសម្រេច ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុនផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយក្រុមការងារជំនាញ ដែលទទួលបានអាជ្ញាបណ្ណ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមុនសិន។
នេះបើតាមលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
តាមរយៈសេចក្តីសម្រេចនេះ ចំពោះសំណង់រដ្ឋត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយក្រុមការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំពោះសំណង់ឯកជន ត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយក្រុមហ៊ុនឯកជន និងអ្នកវិជ្ជាជីវៈ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕