រដ្ឋាភិបាលថៃគ្រោងបោះផ្សាយលក់មូលបត្របំណុលទំហំ៩០០លានដុល្លារដើម្បីស្តារសេដ្ឋកិច្ច

0

ដោយៈ សុធារី

ប្រទេសថៃៈ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) របស់ប្រទេសថៃ គ្រោងលក់មូលបត្របំណុលថ្មីនៅខែក្រោយ ដែលមានតម្លៃប្រហែលចំនួន៩០០លានដុល្លារ ដើម្បីប្រមូលមូលនិធិសម្រាប់គោលនយោបាយរដ្ឋាភិបាល។

ការបោះមូលបត្របំណុលនេះ ធ្វើឡើងដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបង្កឡើង ដោយជំងឺកូវីដ១៩។ នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៣០ ខែធ្នូនេះ។

លោកស្រី Patricia Mongkhonvanit អគ្គនាយិកាការិយាល័យ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ បានមានប្រសាសន៍ថា ការលក់មូលបត្របំណុលនេះ នឹងគាំទ្រដល់គម្រោងនានា រួមមាន ការទិញវ៉ាក់សាំងកូវីដ១៩ និងការផ្តល់សំណងដល់បុគ្គលិក កម្មករ ដែលចុះឈ្មោះក្នុងប្រព័ន្ធសន្តិសុខសង្គម។

លោកស្រី Patricia បានថ្លែងថា មូលបត្របំណុល ដែលមានសុពលភាព៣ឆ្នាំ ចាប់ផ្តើមលក់ពីថ្ងៃទី១៧ ដល់ទី៣១ ខែមករា ឆ្នាំ២០២២ តាមរយៈធនាគារបាងកក ធនាគារក្រុងថៃ ធនាគារកសិករ និងធនាគារស្យាមពាណិជ្ជ។ មូលបត្របំណុលទាំងនេះ ក៏អាចរកទិញបានផងដែរ តាមរយៈសេវាធនាគារតាមអ៊ីនធឺណិត របស់ធនាគារទាំងនេះ។ អត្រាការប្រាក់ជាមធ្យម ដែលត្រូវបានធានាសម្រាប់មូលបត្របំណុល ទាំងនេះមាន១,៩ភាគរយក្នុងមួយឆ្នាំ។

លោកស្រីបានបន្តថា ផលចំណេញពីមូលបត្របំណុលនេះ នៅឆ្នាំទី១ ទី២ និងទី៣ មាន១,៦ភាគរយ ១,៨ភាគរយ និង ២,៣ភាគរយរៀងគ្នា។ ការលក់មូលបត្របំណុលនេះ នឹងត្រូវធ្វើឡើងជាបីដំណាក់កាល គឺនៅថ្ងៃទី១៧ដល់១៨ ខែមករា នៅថ្ងៃទី១៩ដល់២៣ខែមករា និងនៅថ្ងៃទី២៤ដល់៣១ខែមករា។

លោក Patricia ថ្លែងទៀតថា នៅពីរដំណាក់កាលដំបូង មូលបត្របំណុល នឹងត្រូវលក់ទៅឱ្យវិនិយោគិនជាបុគ្គល ដែលជាពលរដ្ឋថៃ ឬអ្នករស់នៅក្នុងប្រទេសថៃ ដែលមានតម្លៃរហូតដល់៥លានដុល្លារ ក្នុងវិនិយោគិនម្នាក់ ខណៈដែលនៅក្នុងដំណាក់កាលចុងក្រោយ ចំនួនមូលបត្របំណុល ដែលត្រូវលក់ ទៅឱ្យអ្នកទិញម្នាក់នឹងមិនមានកម្រិតឡើយ។

វិនិយោគិនម្នាក់ៗ អាចទិញមូលបត្របំណុលទាំងនេះ នៅក្នុងបីដំណា​ក់កាលនេះ ខណៈដែលចំនួនមូលបត្របំណុល ដែលពួកគេទិញនៅក្នុងដំណាក់កាលនីមួយៗ នឹងមិនត្រូវបានរាប់បញ្ចូលគ្នាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here