ដោយៈ សុធារី
កំពង់ស្ពឺៈ ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា គ្រោងសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។
វត្តមានរោងចក្រនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៥ ខែមករា។
លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនវិនិយោគកំពុងរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា។
លោកមានប្រសាសន៍ថា “គេម្ចាស់ដី គេមានហើយ គេមានកន្លែងរួចរាល់ហើយ តែមិនទាន់សង់ឥឡូវទេ ព្រោះគេត្រូវការធ្វើរចនាសម្ព័ន្ធផ្សេងៗសិន”។
ទាក់ទងនឹងទីតាំងនៃក្រុមហ៊ុន លោកបានបញ្ជាក់ថា លោកមិនទាន់អាចបង្ហើបបានឡើយ ដោយលោកថា “ទីតាំងគឺមិនអាចប្រាប់បានទេ ព្រោះបើយើងប្រាប់ទីតាំងទៅ មនុស្សនឹងនាំគ្នាទៅទិញដីនៅម្តុំហ្នឹង ធ្វើឱ្យដីឡើងថ្លៃ ហើយគម្រោងពិបាកដើរទៅមុខ”។
លោកបញ្ជាក់បន្ថែមថា គម្រោងវិនិយោគនានា ប្រកាសបង្កើតឡើងនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ដោយសារវិនិយោគិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន RMA (Cambodia) ដែលជាអ្នកចែកចាយរថយន្ត Ford នៅកម្ពុជា ក៏បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ផងដែរ៕