អ្នកវិទ្យាសាស្ត្ររកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ

0

ដោយៈ សុធារី

អន្តរជាតិៈ វីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា IHU ត្រូវបានគេរកឃើញនៅប្រទេសបារាំង ហើយមានការប្រែប្រួលចំនួន៤៦ដង និងត្រូវបានគេជឿថាងាយឆ្លង និងធន់ជាមួយវ៉ាក់សាំង។

វីរុសបំប្លែងខ្លួនប្រភេទ B.1.640.2. ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ នៅវិទ្យាស្ថានមន្ទីរពេទ្យសាកលវិទ្យាល័យមេឌីទែរ៉ាណេ (IHU) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយពូកគេបានប្រកាសនៅលើ Twitter ថា ពួកគេបានរកឃើញវីរុសបំប្លែងខ្លួនថ្មី​​ នៅក្នុងអ្នកជំងឺមកពីតំបន់ Forcalquier ក្នុងទីក្រុង Alpes-de-Haute-Provence។ ប៉ុន្តែវាទើបតែត្រូវបានលើកមកនិយាយជាអន្តរជាតិ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីអ្នកជំនាញពិភពលោក។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា មេរោគបំប្លែងថ្មី IHU ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងមនុស្ស១២នាក់នៅភាគខាងត្បូងភ្នំអាល់ ស្របពេលដូចគ្នាដែលOmicron ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន។

មេរោគបំប្លែង IHU ថ្មីនេះ ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយ ការធ្វើដំណើរទៅកាន់ប្រទេសកាម៉េរូន នៅក្នុងទ្វីបអាហ្រ្វិក ដែលយ៉ាងហោចណាស់មានចំនួន១២ករណី ត្រូវបានរកឃើញនៅជិតតំបន់ Marseilles​។

ប្រភពដដែលបានរាយការណ៍ថា “អ្នកជំងឺដំបូងគេដែលកំណត់អត្តសញ្ញាណជាមួយមេរោគបំប្លែ IHU ថ្មីនេះ បានចាក់វ៉ាក់សាំងហើយ និងទើបតែត្រលប់មកពីប្រទេសកាម៉េរូន”។

សារព័ត៌មាន news.com.au បានរាយការណ៍ថា “ទោះជាយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា មេរោគថ្មីនេះហាក់ដូចជាមិនរីករាលដាលយ៉ាងឆាប់រហ័សនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here