អាជ្ញាធរអាកាសយានដ្ឋានហុងកុង កៀរគរដើមទុនច្រើនពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវយន្តហោះរត់ទី៣

0

ដោយ សុខុម

ហុងកុង: ទីភ្នាក់ងារព័ត៌មាន Reuters បានទម្លាយឱ្យដឹងថា អាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង កៀរគរដើមទុនរហូតដល់៤ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវយន្តហោះរត់ទី៣ របស់ខ្លួន។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៦ មករា នេះឱ្យដឹងថា ការកៀរគរដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ស្របពេលទីក្រុងនេះកំពុងជួបការលំបាកដោយសារបម្រាម និងការលុបចោលជើងហោះហើរក្នុងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

ទោះជាយ៉ាងណា ភ្លាមៗអាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង មិនបានឆ្លើយតបនោះទេ នៅពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះ។

ការកៀរគរដើមទុនលើកនេះគឺច្រើនខ្លាំងសម្រាប់អាកាសយានដ្ឋាននេះ បើធៀបនឹង១,៥ពាន់លានដុល្លារអាមេរិក ដែលអាជ្ញាធរអាកាសយានដ្ឋានក្រុងហុងកុង កៀរគរបានកាលពីខែមករា ដើមឆ្នាំ២០២១។

កាលពីថ្ងៃពុធ ទី៥ មករា ក្រុងហុងកុង បានប្រកាសបម្រាមលើការហោះហើរជាថ្មីរយៈពេល២សប្តាហ៍សម្រាប់ប្រទេសចំនួន៨ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ផងដែរ ដែលជាផ្នែកមួយនៃវិធានការរឹតបន្តឹងព្រំដែនដើម្បីទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។

ប្រភពដែលដឹងរឿងនេះផ្ទាល់បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បម្រាមនេះបានធ្វើឱ្យប៉ះពាល់ដល់ចំនួនអ្នកដំណើរយ៉ាងខ្លាំង៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here