ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ជាមួយនឹងជោគជ័យក្នុងការអភិវឌ្ឍន៍បុរី លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបាននិងកំពុងឈានទៅប្រឡូក ក្នុងទីផ្សារខុនដូវិញម្ត ង បន្ទាប់ពីលោកមើលឃើញថា តម្រូវការក្នុងវិស័យនេះបានកើនឡើង។
លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកបុរីវិមានភ្នំពេញបានថ្លែង គេហទំព័រ propertyarea.asia ដឹង កាលពីពេលថ្មីៗនេះថា លោកមានគម្រោងវិនិយោគលើការសាងសង់ខុនដូសម្រាប់លក់នៅពេលឆាប់ៗខាងមុខនេះ ព្រោះទីតាំងដីនៃគម្រោងនេះ មានភាពសមស្របសម្រាប់សាងសង់ខុនដូ។លោកបន្តថា គម្រោងនេះមិនត្រឹមតែមានខុនដូមួយមុខនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើប និងការិយាល័យផងដែរ។
ទោះជាយ៉ាងណារហូតមកទល់ពេលនេះ លោកមិនទាន់បញ្ជាក់ថាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់លោក ចាប់ផ្តើមនៅពេលណានៅឡើយទេ។
លោកបានសម្តែងសុទិដ្ឋិនិយមថា “ខ្ញុំជឿជាក់ថាគម្រោងនេះនឹងទទួលជោគជ័យ ដោយសារនាពេលអនាគតប្រជាពលរដ្ឋរស់នៅខុនដូកាន់តែច្រើន ស្របពេលទីក្រុងកាន់តែមានភាពចង្អៀត”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Loft Solution បានរកឃើញថា នៅឆ្នាំ២០៣៥ខាងមុខ ប្រជាជននៅទីក្រុងភ្នំពេញនឹងកើនដល់៤លាននាក់ ពេលនោះប្រជាជន នឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកំនើនយានយន្ត ការកកស្ទះចរាចរណ៍ និងលំនៅដ្ឋានតម្លៃសមរម្យមានចម្ងាយឆ្ងាយពីទីក្រុង។ ហេតុផលមួយទៀត គឺប្រព័ន្ឋបច្ចេកវិទ្យានឹងជួយសម្រួលដល់ជីវភាពរស់នៅរស់នៅរបស់ប្រជាជនក្នុងទីក្រុង៕