ដោយវុត្ថា
ភ្នំពេញ: កម្ពុជាបង្ហាញពីសក្តានុពលវិនិយោគនានា របស់របស់កម្ពុជាជូនដល់ធុរជនចិន មកពីគ្រប់ស្ថាបន័នៅក្នុងកិច្ចសន្ទនាតុមូល រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនចិនចំនួន៦។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Grand Metro Park នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងទីក្រុងណាងនីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគ និងគោលនយោបាយ លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិន និងធុរជននៅក្នុងប្រទេសចិន និងវិនិយោគិន ដែលបានកំពុងធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានជម្រាបជូនធុរជន និងវិនិយោគិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់៧ភាគរយរយៈពេលជាង២ទសវត្សរ៍ និងបានសន្យាបន្តធានាផ្តល់ជូនស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាមួយបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរ ដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។
សម្តេចតេជោបានលើកឡើងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ ការរៀបចំនិងដាក់ចេញនូវផែនការ គោលនយោបាយសេដ្ឋកិច្ចជាក់លាក់ និងគោលនយោបាយវិនិយោគ ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ជាពិសេសពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់នាយកប្រតិបត្តិទាំងអស់ ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា ដល់វិនិយោគិនដ៏ទៃទៀត ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅធ្វើពិពិធកម្មវិស័យការងារ និងកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបកស្រាយនូវសំណួរផ្សេងៗ របស់នាយកប្រតិបត្តិនៃក្រុមហ៊ុនចិនទាំង៦ និងបានចែករំលែកនូវទស្សនាទានស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាល ដូចជា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមរូបភាព «សាងសង់-អាជីវកម្ម-ផ្ទេរ (BOT)», ការរៀបចំផែនការមេអភិវឌ្ឍវិស័យអគ្គីសនីកម្ពុជាឆ្នាំ២០១៧-២០៣០ គោលនយោបាយសម្រាប់ការវិនិយោគបរទេសក្នុងវិស័យថាមពល។ គោលនយោបាយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ, គោលនយោបាយលើកទឹកចិត្ត ចំពោះការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
ទឹកប្រាក់វិនិយោគពីប្រទេសចិនមកកម្ពុជា បានកើនឡើងពី៩០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ ដល់១,៦ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ហើយនៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ បានកើនឡើងដល់២,៨លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏បានឡើងដល់៥,៨ប៊ីលានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ គឺកើនឡើង២២% បើធៀបនឹងឆ្នាំ២០១៦៕