កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចការសាងសង់១០០% គ្រោងសម្ពោធនាចុងខែក្រោយ

0

ដោយ៖ សុធារី

កែប៖ ក្រោយពីដំណើរការសាងសង់ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន អស់រយៈពេល ឆ្នាំគត់ កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចការសាងសង់ជាស្ថាពររួចរាល់១០០%ហើយ ដែលគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ នាចុងខែមករា ឆ្នាំ២០២២ នេះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍កាលពីពេលកន្លងទៅថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ សម្រាប់ត្រៀមបម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន មិនលើសពី ១៥តោននោះទេ ហើយនេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ដែលផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។

លោក លីប ជាង វិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយនេះ បានអោយដឹងនារសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះថា ការអភិវឌ្ឍន៍សាងសង់កំពង់ផែទេសចរណ៍ (កោះទន្សាយ) នេះ អនុវត្តន៍តាមបទដ្ឋានកម្រិតកំណត់បច្ចេកទេសសំណង់សាធារណការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្ថែមថា ក្នុងនោះយើងបានសាងសង់ផ្លូវបេតុងសរសៃដែក អគារលក់សំបុត្រព្រមទាំងរង់ចាំ បន្ថែមពីនោះមានស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាម និងដៃផែចំនួន៤ មានតូច២ ធំ២។ ហើយទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលយើងបានប្រើរយៈពេលសាងសង់ ២៤ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

កំពង់ផែទេសចរណ៍ កោះទន្សាយនេះ ចំណាយថវិការក្នុងការសាងសង់ប្រមាណជិត ៥ពាន់លានរៀល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូប ក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here