ដោយៈ កុសមា
ភ្នំពេញៈ ខណៈដែលប្រទេសកម្ពុជា កំពុងមានការរីកចម្រើននៅលើគ្រប់វិស័យជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ គម្រោងថ្មីៗជាច្រើនបានរីកដុះដាលនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ បុរីវិមានសំណាងក៏កំពុងត្រដែតខ្លួន នៅភាគខាងជើងភ្នំពេញ ដែលជាតំបន់មានសក្តានុពលមួយផងដែរ។ ដូចនេះតើបុរីវិមានសំណាងមានភាពប្រណីត និងស្តង់ដាបែបណាខ្លះ?។
លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង នៅប៉ែកខាងជើងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area Asia កាលពីពេលថ្មីៗនេះថា កាលពីអតីត លោកជំទាវគ្រាន់តែជាភ្នាក់ងារលក់ អចលនទ្រព្យមួយរូបប៉ុណ្ណោះ ប៉ុន្តែដោយសារតែបទពិសោធន៍ និងការងារជាមួយនឹងអចលនទ្រព្យយូរឆ្នាំទៅ ហើយជំនឿជាក់ផងនោះ ធ្វើឱ្យលោកជំទាវក៏សម្រេចចិត្ត ក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
លោកជំទាវបានមានប្រសាសន៍ថា “មុនដំបូងឡើយ ក្រុមហ៊ុនលោកជំទាវ គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលជាអ្នកលក់គម្រោងឱ្យទៅដៃគូ និងម្ចាស់អភិវឌ្ឍន៍នានា តែដោយសារតែការស្រលាញ់ជាមួយនឹងអាជីពមួយនេះ លោកជំទាវក៏បានសម្រេចបោះទុនវិនិយោគ អភិវឌ្ឍន៍បុរីនៅភ្នំពេញ”។
បុរីដំបូងដែលក្រុមហ៊ុនគឺ បុរី KS Resident ដែលលោកជំទាវបានវិនិយោគ និងអភិវឌ្ឍន៍ មានទីតាំងនៅស្រុកកៀនស្វាយ ហើយជាប្រភេទលំនៅឋាន ដែលមានតម្លៃសមរម្យមួយ រីឯគម្រោងទី២គឺបុរីវិមានសំណាង ដែលមានទីតាំងនៅជិត ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ និងជាតំបន់មានសក្ដានុពលខ្ពស់មួយផងដែរ។
លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា នៅក្នុងបុរីវិមានសំណាង មានទំហំដីសរុបប្រមាណ២៥ហិចតា ដោយអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង និងកំពុងរៀបចំអភិវឌ្ឍន៍ជាផ្ទះវីឡា រ៉ូយ៉ាល់ ដែលផ្ទះប្រភេទនេះ ផ្ដោតទៅលើអតិថិជន ដែលមានប្រាក់ចំណូលខ្ពស់បែបអភិជន ។
លោកជំទាវបន្តថា ”អ្វីដែលជាចំនុចពិសេសរបស់បុរីវិមានសំណាង គឺស្ថិតនៅទីតាំងដែលមានសក្ដានុពល ដូចជា មានទីតាំងបុរីគឺស្ថិតនៅលើផ្លូវមេ ជាផ្លូវធំ ហើយមួយវិញទៀត នៅក្នុងគម្រោងក៏មានរៀបចំជាសួនច្បារធំៗ ផ្លូវធំៗ មានក្លឹបហាត់ប្រាណ សួនកុមារ និងជាពិសេសរាល់ផ្ទះរបស់វីឡាឃ្វីន និងវីឡាឃីង សុទ្ធតែបែរទៅរកមាត់ទឹក ដែលផ្ទះប្រភេទនេះពិបាករកណាស់នៅក្នុងភ្នំពេញ”។
លោកជំទាវបន្ថែមថា បុរីវិមានសំណាង ដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើងមកនេះ គឺផ្ដោតទៅលើអតិថិជនកម្រិតមធ្យមឡើងទៅ ដោយសារតែក្នុងបុរីសង់ឡើងសុទ្ធតែជាវីឡា ដោយវីឡានីមួយៗសង់ឡើង ដោយផ្ចិតផ្ចង់ជាទីបំផុត។
លោកជំទាវនៅតែមានការជឿជាក់ខ្ពស់ ទៅលើទីផ្សារលំនៅឋានក្នុងបុរី ជាពិសេសនៅពេលកំណើនប្រាក់ចំណូល ពលរដ្ឋកាន់តែកើនឡើង ការផ្គត់ផ្គង់លំនៅឋានតម្លៃខ្ពស់ៗ ក៏កាន់តែមានតម្រូវការ ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា នៅតែមានទំនោរទៅរកការរស់នៅ ក្នុងផ្ទះជាលក្ខណៈបុរី ច្រើនជាងការរស់នៅ ក្នុងអគារសហកម្មសិទ្ធិ ហើយបុរីដែលមានការអភិវឌ្ឍកាន់តែទំនើប កាន់តែមានការទាក់ទាញដល់អតិថិជន ក្នុងប្រទេសកម្ពុជាផងដែរ៕